ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ នៅសាលាភូមិន្ទរដ្ឋបាល មានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលមន្រ្តីរាជការ នៃក្រសួងបរិស្ថានដើម្បីបង្កើនសមត្ថភាពមន្ត្រីរបស់ក្រសួងបរិស្ថានក្នុងគោលបំណងឆ្លើយតបទៅនឹងស្ថានភាពកិច្ចការរដ្ឋបាលទូទៅនៅក្នុងសង្គមជាក់ស្តែង ក្រោមអធិបតីភាព ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ថ្លែងទៅកាន់អង្គពិធីដែលមានអ្នកចូលរួមជាង១០០នាក់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា ការបណ្តុះបណ្តាលមន្ត្រីរបស់ក្រសួងបរិស្ថាននេះ មិនមែនមានតែក្នុងស្រុកនោះទេ ការបញ្ជូនទៅសិក្សានៅបរទេសក៏ជាអ្វីដែលក្រសួងបរិស្ថានបានធ្វើរួចមកហើយ និងប្រឹងប្រែងបន្តទៀតដើម្បីបង្កើនប្រសិទ្ធភាព និងសមត្ថភាពមន្ត្រីក្រសួងបរិស្ថាន។ ឯកឧត្ដមបានមានប្រសាសន៍លើកឡើងអំពីគោលបំណងដើម្បីធ្វើទំនើបកម្មក្រសួង ឆ្លើយតបទៅនឹងស្ថានភាពសង្គមជាក់ស្តែងនាពេលបច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “ការបណ្តុះបណ្តាលនេះគឺឱ្យមន្ត្រីស្គាល់តួនាទី ភារកិច្ចក្នុងក្រសួង និងត្រៀមខ្លួនជាឆ្មាំចាំយាមអាយុជីវិតរបស់ប្រទេសជាតិយ៉ាងមានប្រសិទ្ធភាព”។
សូមបញ្ជាក់ថា សិក្ខាកាមដែលជាមន្រ្តីរាជការរបស់ក្រសួងបរិស្ថានចំនួន៦៥រូបដែលមានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមកពីមន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៥។ ការបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃទំនើបកម្មរបស់ក្រសួងបរិស្ថានដែលបានធ្វើទំនើបកម្មរបស់ខ្លួនយ៉ាងសកម្មក្នុងអាណត្តិទី៥នេះដែលរួមមានការធ្វើកំណែទម្រង់រចនាសម្ព័ន្ធក្នុងក្រសួង កំណែទម្រង់លើការបណ្តុះបណ្តាល និងការលើកទឹកចិត្តជាដើម៕