Update : ព្រឹកនេះផលិតផលគ្រឿងសំអាងក្លែងក្លាយខុសច្បាប់ជាង៨១តោន ត្រូវបានកិនកម្ទេចចោលក្រោមអធិបតីសម្តេចក្រឡាហោមស ខេង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចក្រឡាហោស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី​ខ្ពង់ខ្ពស់ក្នុងកម្មវិពីកម្ទេចផលិតផលគ្រឿងសំអាងក្លែងក្លាយខុសច្បាប់ចំនួនជាង៨១តោន នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក នៅទីលានចាក់សំរាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ដដង្កោ រាជធានីភ្នំពេញ ដែលរៀបចំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ដល់ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) និងមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ តំណាងអង្គទូត ស្ថាប័នតុលាការ អង្គការនានា អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងតំណាងក្រុមហ៊ុនជាតិ-អន្តរជាតិមួយចំនួន។

ផលិតផលគ្រឿងសំអាងក្លែងក្លាយខុសច្បាប់ចំនួនជាង៨១តោន ដែលបានត្រូវកម្ទេចនាពេលនេះគឺជាការឆន្ទៈនៃការ​ខិតខំប្រឹងប្រែងជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ក្រុមសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ដែលបានបង្ក្រាប​រឹបអូសពីជនល្មើសបានចរាចរណ៍ ស្តុកទុក និងចែកចាយចំនួនពីរទីតាំងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០១៧កន្លងមក និងអនុវត្តតាមការ​បង្គាប់របស់តុលាការ។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ អនុវត្ត​យ៉ាងម៉ឹងម៉ាត់ តាមតួនាទីភារកិច្ច ដែលប្រគល់ជូនដោយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដោយដំកល់ផលប្រយោជន៍ជាតិ សុខុមាលភាពប្រជាពលរដ្ឋ និងសុវត្ថិភាព​អ្នកប្រើប្រាស់ជាធំ ។ ដើម្បីសម្រេចនូវវត្ថុបំណងនេះ គណៈកម្មាធិការសូមអំពាវនាវដល់សាធារណជន មេត្តាចូលរួម និងសហការផ្តល់ព័ត៌មានអំពីទីតាំង ឬជន​ដែលផលិត​ចែកចាយ ផលិតផលក្លែងក្លាយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ដោយទំនាក់ទំនង និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ០៨១ ៩៩៩ ៨០៨ ឬ តាមរយៈអីម៉ែល៖ [email protected] ឬបណ្តាញសង្គមហ្វេសប៊ុក «គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយcounter counterfeit committee»។

គួររំលឹកថា នេះជាលើកទី១ ដែលសមត្ថកិច្ច​នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យដុតកម្ទេចចោល​នូវផលិតផលគ្រឿងសំអាងក្លែងក្លាយខុសច្បាប់ចំនួនជាង៨១តោន និងជា​លទ្ធផល​ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ក្នុងការ​កាត់បន្ថយ​បាននូវផលប៉ះពាល់បញ្ហា​សុខុមាលភាព ក៏ដូចជាការប្រើប្រាស់។ ក្នុងនោះ ប្រជាពលរដ្ឋ សមត្ថកិច្ច មន្ត្រីរាជការមួយចំនួន ក៏បានសំណូមពរផងដែរឲ្យខាងគណៈកម្មាធិការមួយនេះ គួរមានវិធានការ​ធ្វើការ​ផ្សព្វផ្សាយជូនដំណឹងទៅកាន់ប្រជាពលរដ្ឋ​ អាជីវករ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសឲ្យបានយល់ដឹងអំពីបញ្ហាគ្រោះថ្នាក់កើតឡើងដោយការប្រើប្រាស់ផលិតផល​គ្រឿងសម្អាងក្លែងក្លាយ និងពន្យល់ពួកគាត់ឲ្យបានជ្រាបអំពី​ទោសទណ្ឌទៅលើផ្លូវច្បាប់ពាក់ព័ន្ធទៅនឹងបទល្មើសខាងលើនេះធ្វើយ៉ាងណាឲ្យមានការជ្រួតជ្រាបទៅលើវិសាលភាពទូទាំងប្រទេស  ៕ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print