ភ្នំពេញ ៖ កម្មវិធីវិភាគទានច្បាប់ដែលមានលោកស្រីមេធាវី ទេព បូផល ជាស្ថាបនិក បានធ្វើការងារយ៉ាងសកម្មក្នុងការចែករំលែកចំណេះដឹងច្បាប់លើវិស័យរដ្ឋប្បវេណី អស់រយៈពេល២ឆ្នាំ៧ខែ ក្នុងកម្មវិធីបណ្តុះបណ្តាលជាច្រើន ដែលត្រូវបានបង្កើតឡើងដោយមិនស្វែងរកកម្រៃ សម្រាប់អ្នកដែលចង់ស្វែងយល់អំពីច្បាប់រដ្ឋប្បវេណី ។
ជាមោនទភាពរបស់កម្មវិធីវិភាគទានច្បាប់ ដែលគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា មានលោកសួន វិសាល ជាប្រធាន ផ្តល់សិទ្ធិឱ្យកម្មវិធីវិភាគទានច្បាប់ បន្តបេសកកម្មរបស់ខ្លួន ក្នុងក្របខណ្ឌមេធាវី សម្រាប់ជាជំនួយដល់ លោក លោកស្រី ដែលជាមេធាវី ត្រូវការបន្ថែមចំណេះដឹងលើវិស័យរដ្ឋប្បវេណី តាមរយៈកិច្ចព្រមព្រៀង ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ។
លោកស្រីមេធាវី ទេព បូផល ថ្លែងថា កម្មវិធីវិភាគទានច្បាប់ នេះ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥ ក្នុងគោលបំណងចែករំលែកនិងផ្សព្វផ្សាយក្រមរដ្ឋប្បវេណីនិងក្រមនីតិវិធីរដ្ឋប្បវេណី បង្កើនចំណេះដឹងដល់និស្សិតនិងអ្នកច្បាប់ ។
មូលហេតុនៃការបង្កើតកម្មវិធីវិភាគទានច្បាប់នេះ ត្រូវបានលោកស្រីទេព បូផល អះអាងថា ដោយសារតែក្នុងចំណោមអ្នកច្បាប់កម្ពុជា យល់ថា ក្រមរដ្ឋប្បវេណី គឺ ជាក្រមមួយមានភាពស្មុគស្មាញ ពិបាកយល់ ហើយមានលក្ខណៈផ្ទុយគ្នាពីក្រមរដ្ឋប្បវេណីចាស់ ។ ក្រមរដ្ឋប្បវេណី និង ក្រមនីតិវិធីរដ្ឋប្បវេណី ត្រូវបានកម្មវិធីវិភាគទានច្បាប់ ផ្សព្វផ្សាយយ៉ាងទូលំទូលាយរហូតដល់ប្រមាណ២០លើកតាមរយៈសិក្ខាសាលា ដែលសុទ្ធសឹងជាប្រធានបទសំខាន់ៗ។ មិនតែប៉ុណ្ណោះ កម្មវិធីនេះ ក៏មានផ្សព្វផ្សាយតាមរយៈប្រព័ន្ធសង្គមហ្វេសប៊ុកផងដែរ “វិភាគទានច្បាប់ Contribution of law “ ។
លោកស្រីបន្តថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយដែលផ្តល់ការឧបត្ថម្ភដល់កម្មវិធីវិភាគទានច្បាប់ ជាពិសេសថ្លែងទាំងរំជួលចិត្តស្រក់ទឹកភ្នែកអរគុណដល់ស្វាមីរបស់លោកស្រី គឺ លោកមេធាវី អ៊ីវ ប៉ូលី សមាជិកក្រុមប្រឹក្សាមេធាវី ដែលតែងតែផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងក្លាចំពោះសកម្មភាពនៃកម្មវិធីវិភាគទានច្បាប់ នេះ ៕ចេស្តា