ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងនូវបទចម្រៀង និងការសម្តែងរួមរវាង ខេមរៈ សិរីមន្ត និង ដៃគូចាស់ ឱក សុគន្ធកញ្ញា នោះ ពេលនេះគេទទួលដំណឹងថា តារាប្រុសរូបនេះក៏នឹងចាប់ដៃគូច្រៀងជាលើកដំបូងជាមួយនឹងតារាចម្រៀងស្រីពេជ្រ សោភា វិញម្តង។
ក្រោយចូលផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត បានចាប់ដៃគូសម្តែងក្នុងបទចម្រៀង២បទជាមួយ ឱកសុគន្ធកញ្ញាគឺ “ស្ទឹងត្រែងបងអើយ”និងបទ“អស់សិទ្ធិថែតែនៅបារម្ភ”ដែលទទួលបានការគាំទ្រខ្លាំងពីមហាជន។ កាន់តែប្លែកខេរៈ សិរីមន្តនឹងចាប់ដៃគូសម្តែង និងច្រៀងនូវបទចម្រៀងមួយចំនួនជាមួយពេជ្រ សោភា មុនពេលចាកចេញទៅអាមេរិក។ ការចាប់ដៃគូថ្មីនេះត្រូវបានគេជឿជាក់ថា នឹងធ្វើឲ្យអ្នកគាំទ្រពួកគេមានអារម្មណ៍ប្លែក ជាមួយនឹងបទចម្រៀងថ្មីដែលសម្រិតសម្រាំងសម្រាប់តារាចម្រៀងទាំងពីរ។
ប្រភពបន្តថា ពេជ្រ សោភា ដែលផ្តើមផ្លាស់ដៃគូច្រៀងជាមួយ G-Devith មកច្រៀងជាមួយ តារាចម្រៀងសាច់ដុំធំStep ហាក់មិនសូវមានសន្ទុះគាំទ្រខ្លាំង ប៉ុន្តែគេរំពឹងថាតារាចម្រៀងរូបនេះអាចហក់ស្ទុះឡើងវិញខ្លាំងនៅពេលជួបដៃគូថ្មីហើយប្រជាប្រិយភាពក៏មិនធម្មតា។
ទោះជាយ៉ាងណាតារាចម្រៀងពេជ្រ សោភា ស្នើមិនបញ្ជាក់ជុំវិញការលើកឡើងអំពីចាប់ដៃគូថ្មី ប៉ុន្តែនាងលើកឡើងថា នាងនឹងធ្វើទៅតាមការកំណត់របស់ក្រុមហ៊ុន បើក្រុមហ៊ុនយល់ថាល្អ ហើយនាងយល់ថា អាចជារឿងល្អប្រសិនបើការលើកឡើងខាងលើអាចក្លាយជាការពិត។ ស្របពេលដែលតារាចម្រៀង ខេមរៈ សិរីមន្តកំពុងទទួលបានការយកចិត្តទុកដាក់ខ្លាំងអមដោយ បងប្រុសលោក គឺលោក ខេមរៈ ភិរុណជាអ្នកនិពន្ធបទចម្រៀងនៅពីក្រោយ។ មានការលើកឡើងដែរថាតារាចម្រៀងប្រុសជាច្រើនក្នុងផលិតកម្មនេះចង់ឬមិនចង់ពិតជាបារម្ភពីប្រជាប្រិយភាពរបស់ពួកគេក្រោយពេលដែលមានវត្តមានខេមរៈ សិរីមន្តចូលក្នុងផលិតកម្មនេះ ដែលប្រជុំដោយអ្នកល្បីៗជាច្រើននោះ ៕ វឌ្ឍនា