ខេត្តកំពង់ឆ្នាំង៖ ក្លោងទ្វាសាលាសង្កាត់ខ្សាម ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រូវបាក់រាបដល់ដី បន្ទាប់ពីរថយន្តឡិចស៊ីសRX330 មួយគ្រឿងរបស់ម្ចាស់សណ្ឋាគារអាស៊ីរេចង្កូតទៅបុក ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ។
សមត្ថកិច្ចនិងប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា រថយន្តបង្កម៉ាកឡិចស៊ីស ពណ៌ស្ករ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ឈ្មោះឌី ដែលជាប្តីរបស់ស្រ្តីឈ្មោះគឹម ដូលីដា ជាម្ចាស់សណ្ឋាគារអាស៊ី ដែលមានទីតាំងស្ថិតនៅទល់មុខមណ្ឌលកុមារកំព្រា ខេត្តកំពង់ឆ្នាំង ក្នុងភូមកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
នៅមុនពេលកើតហេតុរថយន្តនេះបានចេញពីកន្លែងផឹកស៊ីមួយ ហើយបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ប្តីប្រពន្ធនេះបានឈ្លោះប្រកែកគ្នាក្នុងរថយន្ត ក្នុងពេលដែលឈ្លោះប្រកែកគ្នានេះក៏មានប្រតាយប្រតប់គ្នា នៅក្នុងរថយន្ត ទើបធ្វើអោយរថយន្តរេចង្កូតទៅបុកក្លោងទ្វាសាលាសង្កាត់ខ្សាម បណ្តាលអោយបាក់រាបដល់ដីតែម្តង ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងទៀតថា ក្រោយពេលកើតហេតុអ្នកបើកបរថយន្តបាន បើករថយន្តរត់គេចពីកន្លែងកើតហេតុ យកទៅចតទុកនៅខាងមុខសណ្ឋាគាររបស់ខ្លួន ហើយគេចខ្លួនបាត់ ។ ស្រាប់តែមួយសន្ទុះមកទើបមានអ្នកចេញមុខមកទទួលខុសត្រូវចំពោះការខូចខាតដែលបង្កឡើងដោយរថយន្តខាងលើនេះ ។
ប្រជាពលរដ្ឋកំពុងរង់ចាំមើលថា តើស្ត្រីដែលជាម្ចាស់សណ្ឋាគារ នឹង ចេញសំណងបែបណាទៅសាលាសង្កាត់ខ្សាម ដែលរងការខូចខាតទាំងស្រុងហើយនោះ ហើយមូលហេតុអីបានជាសមត្ថកិច្ចមិនឃាត់រថយន្តទុក ព្រោះថារថយន្តដែលជារបស់ម្ចាស់សណ្ឋាគារអាស៊ី បានធ្វើអោយខូចខាតទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ ៕
ដោយ៖ ចន្ថា