ខេត្តកំពង់ស្ពឺ ៖ ម៉ូតូចម្រុះជាច្រើនគ្រឿង ត្រូវបាននគរបាលនាយយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដកហូតបន្ទាប់ពីស្រាវជ្រាវដឹងថា ជាកន្លែងទទួលផលចោរកម្មរួចមក។
ប្រតិបត្តិការបង្ក្រាបកន្លែងទទួលោលចោរកម្មនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ម្ចាស់ទីតាំងត្រូវបានស្គាល់មានឈ្មោះរី ហៅម៉ៅ និងឈ្មោះហ៊ុន គន្ឋា កំពុងរត់គេចខ្លួន។
មន្ត្រីនគរបាលក្រសួងមហាផ្ទៃមួយរូបបានប្រាប់ថា ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោប៉ុល រតនា និងលោកឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។
ប្រតិបត្តិការបង្ក្រាបករណីទទួលផលចោរកម្មនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ ឃាត់បានជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាលួច និងប្លន់យ៉ាងសកម្មក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានារយៈកាលកន្លងមក។
មូលហេតុ ដែលកម្លាំងព្រហ្មទណ្ឌក្រសួងកំណត់បានទីតាំងច្បាស់លាស់ ក្នុងការចុះបង្ក្រាបនេះ គឺយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ដែលសមត្ថកិចរបស់ក្រសួងឃាត់បានគឺរូបគេឆ្លើយសារភាពថា “រាល់មូតូ ដែលយកមកលក់ គឺលក់ឲ្យឈ្មោះធា និងឈ្មោះរី ហៅម៉ៅ” មិនថា លួច ឬប្លន់ពីកន្លែងណានោះទេ គឺពួកគេតែងតែយកមកលក់ឲ្យមនុស្ស២នាក់នៅកំពង់ស្ពឺនេះជានិច្ច ហើយកន្លែងណាត់ជួបគ្នាគឺកន្លែងលាងឡាន ម៉ូតូក្រោយការាស់សូគីមិចដំរីស។
ប្រភពបន្តថា បន្ទាប់ពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចមក ទើបកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោទាំង២ សុំគោលការណ៍ថ្នាក់ដឹកនាំដើម្បីចុះបង្ក្រាបនិងឆែកឆេរ។
ក្រោយចុះឆែកឆេរសមត្ថកិច្ចរបស់លោករកឃើញម៉ូតូ ដែលជាផលចោរកម្មជាច្រើនគ្រឿងនៅទីតាំងខាងលើ ព្រមទាំងរបស់របរ និងគ្រឿងបន្កាស់ជាច្រើនទៀតផងដែរ។
មន្ត្រីដដែលបន្តថា បើទោះជាពេលនេះ ជនសង្ស័យទាំង២កំពុងរត់គេចខ្លួនយ៉ាងណាក៏ដោយ ក៏មិនអាចគេចពីសំណាញ់ច្បាប់បានឡើយ ដោយពេលនេះកម្លាំងជំនាញកំពុងតាមចាប់ខ្លួនជនសង្ស័យ ដែលជាអ្នកប្រមូលទិញផលចោរកម្មទាំង២នាក់ យកមកផ្តន្ទាទោសតាមច្បាប់ឲ្យទាល់់់តែបាន។
ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូចម្រុះចំនួន២៩គ្រឿង ដែលសុទ្ធសឹងជាម៉ូតូមិនប្រក្រតី (ឈូសកែលេខ) និងគ្រឿងបន្លាស់មួយចំនួនធំទៀត។
នគរបាលមូលដ្ឋានមួយរូបបង្ហើបថា ឈ្មោះធា ជាអ្នក ដែលចាំទិញនៅទីតាំងខាងលើ ចំណែកឈ្មោះរី ហៅម៉ៅ ជាអ្នកដើរទាក់ទងក្រុមជនសង្គមងងឹតឲ្យយកម៉ូតូមកលក់ឲ្យខ្លួន នៅពេលធ្វើសកម្មភាពលួច ឬប្លន់បាន។
មានការលើកឡើងថា ក្នុងចំណោមអ្នកទទួលផលចោរកម្មទាំង២នាក់ គឺមានម្នាក់ជាមន្ត្រីនគរបាលខេត្តទៀតផង ដែលពេលនេះ នគរបាលព្រហ្មទណ្ឌក្រសួងកំពុងតាមចាប់ខ្លួន។
ទោះជាមានការលើកឡើងបែបនេះក្តី ក៏គេមិនអាចសន្មតិបានថា មន្ត្រីនគរបាលរូបនោះពាក់ព័ន្ឋដូចការលើកឡើងឡើយ។ ពាក់ព័ន្ឋនឹងការលើកឡើងខាងលើថា អ្នកទទួលផលចោរកម្មជាមន្ត្រីនគរបាលក្នុងខេត្តនោះ អ្នកយកព័ត៌មានបានព្យាយាមសុំការពន្យល់ពីលោកឧត្តមសេនីយ៍ត្រីសម សាមួន ស្នងការនគរបាលខេត្តដែរ តែប្រព័ន្ឋទូរស័ព្ទស្ថិតក្នុងការរង់ចាំជាប់ជានិច្ច។
ដោយឡែក អ្នករស់នៅក្បែរខាងបានលើកឡើងថា ទីតាំងខាងលើនេះ ពេលយប់មានក្រុមក្មេងស្ទាវ តែងតែយកម៉ូតូមកបញ្ចាំ ឬលក់ឲ្យម្ចាស់ទីតាំងខាងលើជាប់ជាប្រចាំ តែគេមិនបានដឹងថា ម៉ូតូទាំងនោះ ពួកក្រុមក្មេងស្ទាវទាំងនោះយកមកពីណាឡើយ ទើបតែនៅពេលមានការបង្ក្រាបរបស់នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបែបនេះ ទើបដឹងថា ជាកន្លែងទិញម៉ូតូរបស់ក្រុមចោរ។
កន្លងមក ប្រជាពលតដ្ឋធ្កាប់បានរាយការណ៍ទៅសមត្ថកិច្ចក្រុង ក៏ដូចជាខាងព្រហ្មទណ្ឌខេត្តដែរ អំពីករណីក្រុមក្មេងស្ទាវយកម៉ូតូមកលក់ ឬបញ្ចាំនៅទីតាំងមួយនេះ តែមិន ដែលឃើញអស់លោកណាមួយបង្ក្រាបសោះឡើយ ទើបតែពេលនេះ ខាងក្រសួងមកបង្ក្រាបធ្វើឲ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយជាខ្លាំង។
មានការលើកឡើងទៀតថា តើឲ្យសមត្ថកិច្ចក្នុងខេត្តបង្ក្រាបមិចនឹងកើត បើម្ចាស់ទទួលទិញផលចោរកម្មនោះ ក៏ជាសមត្ថកិច្ចក្នុងខេត្តម្នាក់ដែរ។
មហាជនលើកឡើងថា សូមឲ្យខាងក្រសួងចាត់វិធានការ និងអនុវត្តនីតិវិធីឲ្យតឹងតែងបន្តិច ព្រោះកន្លងមក សមត្ថកិច្ចនៅទីនេះ ហាក់បីដូចជាធូរលុងចំពោះក្រុមសង្គមងងឹតសម្បើមណាស់។ ជាពិសេសបើសិនជាការពិតដូចលើកឡើងមែនថា អ្នកទទួលទិញផលចោរកម្មជាមន្ត្រីនគរបាលមែននោះ ពិតជាប្រការគួរឲ្យខ្មាស់អៀនណាស់។
មានការលើកឡើងទៀតថា ជាពិសេសជាងនេះទៅទៀត ប្រតិបត្តិការនេះហាក់បីដូចជាវាយបំបែកឆ្នាំងបាយរបស់ជំនាញក្នុងខេត្តយ៉ាងដូច្នោះដែរ៕ សេនាស័័័័ក្តិ