ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងស្គន់ និងភូមិគគី ឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀងដែល ត្រូវបានអាជ្ញាធរជម្លៀស ចេញពីផ្ទះនាពេលកន្លងមកហើយនាពេលនេះបានវិលត្រឡប់ទៅលំនៅដ្ឋានវិញអស់ហើយបន្ទាប់ពីគណកម្មការចំរុះចុះប្រតិបត្តការវេចខ្ចប់គ្រាប់បែកគីមី បានមួយគ្រាប់។
បើយោងតាម លោក សួរ សាម៉ល់ អភិបាលរងស្រុករមាសហែកបានឲ្យដឹងថា ពលរដ្ឋជិត១០០០នាក់ ជម្លៀសចេញពីតំបន់ដោះខ្ចប់គ្រាប់បែកគីមី ពីរភូមិបានវិលទៅលំនៅដ្ឋានវិញអស់ហើយ ដោយសារក្នុងចំណោមគ្រាប់បែកគីមីពីរគ្រាប់ ត្រូវគណៈកម្មការជំនាញ (នាយកដ្ឋានគីមីសាស្ត្រ របស់ក្រសួងការពារជាតិ និងអង្គការស៊ីម៉ាក់ ) ដោះវិចខ្ចប់បានមួយគ្រាប់ ខណៈមួយគ្រាប់ទៀត សង្ស័យនៅខាងក្រោមសាលាឆាន់ វត្តគគីមិនទាន់រុករកឃើញនៅឡើយ។
បើយោងតាមមន្ត្រីស៊ីម៉ាក់បាន និយាយថា គ្រាប់បែកគីមីរបស់អាមេរិកបន្សល់ទុកពីសម័យសង្គ្រាម នៅក្បែសាលារៀនបឋមសិក្សាគគីបានវិចខ្ចប់ រួចហើយ ហើយឥឡូវនេះ គណកម្មការបានរកឃើញ ទីតាំងគ្រាប់បែក គីមីមិនទាន់ផ្ទុះ យ៉ាងហោចណាស់ ៥កន្លែងទៀត នៅក្នុងតំបន់នោះ ប៉ុន្តែបើដោះអាចមិនជម្លៀសពលរដ្ឋទេ ដោយសារទីតាំងគ្រាប់ទាំងនោះនៅតាមទីវាលឆ្ងាយពីភូមិ របស់អ្នកស្រុករស់នៅ ។
ពាក់ព័ន្ធករណីគ្រាប់បែកគីមីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឲ្យប្រើកញ្ចប់ថវិកា ពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាអាវុធគីមី ដែលកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅតំបន់នោះ ព្រោះសម្តេចគ្មានសង្ឃឹមថា សហរដ្ឋអាមេរិកទៅយកគ្រាប់បែកគីមីពីរគ្រាប់ បន្សល់ពីសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០នៅលើទឹកដីនៃខេត្តស្វាយរៀងនោះឡើយ បើទោះបីជាផ្លូវច្បាប់ទាំងសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ មានតួនាទីចូលរួមទទួលខុសត្រូវលើអាវុធគីមីនេះក្តី ដោយយោងទៅតាម អនុសញ្ញាអន្តរជាតិ សី្តពីអាវុធគីមីរបស់អង្គការសហប្រជាជាតិ។
អគ្គនាយកស៉ីម៉ាក់ លោក ហេង រតនា បានបញ្ជាក់ប្រាប់ថា គ្រាប់បែកគីមីដែលរកឃើញនៅខេត្តស្វាយរៀង ជាប្រភេទ Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះរបស់អាមេរិក ប្រសិនបើកផ្ទុះ នឹងធ្វើឲ្យមានផលប៉ះពាល់ខ្លាំង ដែលអាចបង្កឲ្យថប់ដង្ហើម ក្មេងកើតមិនគ្រប់ខែ និងបញ្ហាមួយចំនួនទៀត។ គ្រាប់បែកគីមីនេះ ស៊ីម៉ាក់ធ្លាប់បានជួបនៅខេត្តចំនួន៥ រួមមានខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគិរី រតនគិរី និងក្រចេះ ប៉ុន្តែមានខេត្ត៣ ដែលស៊ីម៉ាក់ជឿជាក់ថា មានគ្រាប់បែកគីមីនេះ រួមមានខេត្តស្វាយរៀង ព្រៃវែង និងមណ្ឌលគិរី។
គួររំលឹកថា អាមេរិកបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យទម្លាក់គ្រាប់ទាំងនោះ ត្រូវបានឯកភាពនៅឆ្នាំ២០០០ ដោយប្រធានាធិបតីជំនាន់ក្រោយ គឺលោក Bill Clinton ដែលបានបញ្ចេញឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាអស់ ២.៨លានតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកម្ទេចពួកយៀកកុង ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខែ្មរ អស់ជាងកន្លះលាននាក់ និងកម្ទេចតែភូមិឋាន ផ្ទះសម្បែងខែ្មរ អស់រាប់ម៉ឺនកន្លែងប៉ុណ្ណោះ៕ យឹម សុថាន