ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិលសហការគ្នា ចុះបង្រ្កាបមុខសញ្ញាក្រុមចោរលួចសត្វពាហនៈ(គោ)បានចំនួន ៣នាក់ ប៉ុន្តែគួរឲ្យស្ដាយមហាស្ដាយខណៈមេខ្លោង និងមធ្យោដឹកជញ្ជូន(រថយន្ត)នៅតែរត់រួចដដែល។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៦ និង៥នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចបោះរាំង ស្ថិតក្នុងភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ទោ ម៉ូ លីដា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យទាំងចំនួន ៣នាក់ត្រូវបានកម្លាំងធ្វើការបង្រ្កាបក្នុងចំណោម ៤នាក់ខាងលើនេះ ទី១ ឈ្មោះ វិន សៀត ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិពោធិ៍ ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ទី២ ឈ្មោះ គង់ សាវ៉ាត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិព្រែក ៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទី៣ ឈ្មោះ លី ទូច ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី៤(រត់គេចខ្លួនបាត់)ឈ្មោះ អៀ តាល់ ភេទប្រុស អាយុ ….ឆ្នាំ ជនជាតិខ្មែរបច្ចុប្បន្ន រស់នៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់(ជននេះបានហែកគុករត់គេចខ្លួនចេញពីពន្ធនាគារខេត្តកំពង់ឆ្នាំងកាលពីប៉ុន្មានឆ្នាំមុន ហើយបានមកពួនសំងំនៅកន្លែងដូចបានរាបរបខាងលើ និងនៅតែបន្តសកម្មភាពបែបនេះទៀត)។
លោក វរសេនីយ៍ទោ ម៉ូ លីដា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បន្តថា សត្វពាហនៈ(គោ)ទាំងចំនួន ០៥ក្បាល ដែលពួកក្រុមជនសង្ស័យបានធ្វើសកម្មភាពហើយទំនងដូចជាដឹងខ្លួនមុនក៍បានទំលាក់សត្វគោចុះពីរថយន្តអស់វិញនោះ និងបានបើករថយន្តរតុគេចបាត់នោះ បានប្រគល់ឲ្យម្ចាស់វិញទាំងអស់វិញហើយដែលម្ចាស់ឈ្មោះ រ៉ុង សុផាត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប៉ុន្តែម្ចាស់គាត់ក៍មិនដឹងថាសត្វគោរបស់គាត់បានបាត់ពីស្មល់ណានោះដែរ លុះនៅវេលាទាបភ្លឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះទើបដឹងដែរនោះទេ។
លោក វរសេនីយ៍ទោ នាយការិយាល័យព្រហ្មទណ្ឌបន្តទៀតថា ចំពោះជនសង្ស័យទាំង ៣នាក់កំពុងបំពេញនីតិវិធី និងបន្តសំណំបែបបត់ដើម្បីបញ្ជូនខ្លួនពួកគេទៅសាលាដំបូងខេត្តពោធិ៍សាត់ចាត់ការបន្ត ចំពោះជនសង្ស័យ និងអ្នកបើកបររថយន្តរត់គេចយើងកំពុងចាត់កម្លាំងតាមបណ្ដើរស្រាវជ្រាវបណ្ដើរ៕














