ខេត្តកណ្តាល៖ បុរសម្នាក់បម្រើការងារនៅក្រុមហ៊ុនស៊ីភីបានជិះម៉ូតូហុងដាស្គុបពីចេញពីក្រុមហ៊ុនគោលបំណងទៅទិញបង្អែមហូបនៅពេលយប់ ខណៈកំពុងជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៤ក៏ត្រូវក្រុមជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងតាមវាយបណ្តាលឲ្យរងរបួសក្បាលយ៉ាងដំណំ រួចយកកាំភ្លីភ្ជង់ប្លន់យកម៉ូតូជនរងគ្រោះគេចខ្លួនបាត់ស្រមោល ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះរងរបួសក្បាល៤កន្លែង ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួកហៅរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដេរ១៥ថ្នេរ ។
ករណីក្រុមចោរវាយភ្ជង់ប្លន់យកម៉ូតូបានសម្រេចនេះកើតឡើងកាលពីវេលាម៉ោង២០ និង១៥នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិសាស្ត្រឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប្រភពពីមន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះក្នុងអំពើប្លន់ប្រដាប់អាវុធនោះមានឈ្មោះ រឹម សារី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន សុី ភី រងរបួសក្បាល៤កន្លែងដេរ១៥ថ្នេរ មានទីលំនៅក្នុងភូមិព្រៃតាប៉ុកសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម៉ូតូដែលត្រូវបានចោរក្រុមចោរ២នាក់ប្លន់យកទៅដោយសុវត្ថិភាពនោះម៉ាកហុងដាស្គុបពី ពណ៌ស ភ្នំពេញ 1CA-7741។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចេញពីទីតាំងក្រុមហ៊ុនស៊ីភី ក្នុងគោលបំណងឆ្ពោះទៅទិញបង្អែមនៅផ្សារបែកចានហូបនៅពេលយប់ ខណៈកំពុងជិះម៉ូតូបានប្រមាណ៦០០ម៉ែត្រពីក្រុមហ៊ុន ដល់កន្លែងស្ងាត់ក៏ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីមមិនចាំស៊េរីនិងស្លាកលេខ មកអែបដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកវាយក្បាលជនរងគ្រោះ រួចភ្ជង់ឲ្យឈប់ម៉ូតូ ហើយក៏បានដណ្តើមកូនសោរបញ្ឆេះជិះគេចខ្លួនទៅទិសខាងកើតបាត់ទៅ ។
ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះរងរបួសក្បាល៤កន្លែង ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួកហៅរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដេរ១៥ថ្នេរ ។
ករណីនេះសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលកំពុងបន្តការស្រាវជ្រាវសើុបអង្កេត ដើម្បីចាប់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ