ខេត្តបាត់ដំបង ៖ ឧបករណ៍បទល្មើសនេសាទជាច្រើនរួមមាន ស្បៃមោង១៣៥០០ម៉ែត្រក្បាលឡុកចំនួន៣៤ និងបង្គោលឈើ៤៥០០ដើម នៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រស្រុកមោងប្ញស្សី ត្រូវបានកម្លាំងនគរបាលខេត្តចុះបង្ក្រាប ដុតបំផ្លាញចោល និងចាក់លែងត្រីចូលបឹងធម្មជាតិវិញ កាលពីថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០១៧ ។
យុទ្ធនាការនេះធ្វើឡើងដើម្បីទប់ស្កាត់បង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ដោយ អនុវត្តន៍តាមបទបញ្ជាលោកឧត្តមឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ ដំបង ។
លោកវរសេនីយ៍ឯក កុយ ហៀង ស្នងការរងផែននគរបាលប្រឆាំងបទល្មើស និងលោក វរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំ កំលាំងចុះសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី ចុះបង្ក្រាបបទ ល្មើសនេសាទនៅតំបន់ព្រៃរនាម ស្ថិតក្នុងភូមិសាស្ត្រឃុំជ្រៃ ស្រុកមោងប្ញស្សីចំនួន៣គោលដៅ ពោលគឺនៅចំណុចដំណាក់លោក តាដាក និងចំណុចអូរក្បាលស្ទឹង ។
ជាលទ្ធផលក្នុងប្រត្តិបត្តិការណ៏នោះ កម្លាំងសមត្ថកិច្ចបានរឹបអូសបានស្បៃមុង១៣៥០០ម៉ែត្រ សាច់ឡុក៣៤ បង្គោលឈើ៤៥០០ដើម ។ ឧបករណ៍ល្មើសទាំងនេះ ត្រូវបានកម្លាំងដុតបំផ្លាញ ចោលនៅនឹងកន្លែងលើផ្ទៃទឹកទន្លេសាបតែម្តង ។ ដោយឡែកកូនត្រីចំនួន៣០០គីឡូក្រាម បានចាក់លែងចូលបឹងទន្លេសាបវិញ៕ ជាយក្រុង














