ភ្នំពេញៈ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងពន្លឿនការងារបំរើសេវ៉ាជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន លោកវរៈសេនីយ៍ឯកប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយបានដាក់ផែនការអោយកម្លាំងនគរបាលគ្រប់ផ្នែក គ្រប់ប៉ុស្តិ៍រដ្ឋបាល ត្រូវរួមគ្នាពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងពន្លឿនការងារបំរើសេវ៉ាជូនប្រជាពលរដ្ឋ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៍ សុជីវធម៍ គោរពតាមវិន័យកងកម្លាំងជានគរបាលជាតិ មានអកប្បកិរិយាទន់ភ្លន់ តែម៉ឺងម៉ាត់ មិនត្រូវធ្វើអ្វីប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋនោះឡើយ ត្រូវចងចាំថា នគរបាលគឺជាកម្លាំងស្នូលដ៍សំខាន់ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ការពារស្ថេរភាពនយោបាយ និងជាអ្នកបំរើប្រជាពលរដ្ឋ ។
ផែនការណែនាំនេះបានដាក់ចេញនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់អធិការដ្ឋាននគរបាលស្រុកកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ក្រោមវត្តមានលោកវរៈសេនីយ៍ឯកប៉ា សំអិត អធិការនគរបាលស្រុក និងមានការចូលរួមពីលោកអធិការរង នាយផ្នែក នាយ_នាយរងគ្រប់ប៉ុស្តិ៍ ។
ថ្លែងនៅក្នុងកិច្ចប្រជុំលោកអធិការនគរបាលស្រុកបានដាក់ផែនការណែនាំអោយកម្លាំងនគរបាលគ្រប់ផ្នែក គ្រប់ប៉ុស្តិ៍ត្រូវមានការសហការល្អដើម្បីរួមគ្នាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេសបញ្ហាគ្រប់គ្រងមុខសញ្ញាចំណូលថ្មី មុខសញ្ញាគ្រឿងញៀន មុខសញ្ញាចេញពីពន្ធនាគារ និងមុខសញ្ញាចោរលួចចោរប្លន់ ។
កិច្ចការនេះទាមទាអោយមានការសហការជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទើបយើងអាចគ្រប់គ្រងនិងពង្រឹងការងារសន្តិសុខបានរឹងមាំ ព្រោះថាប្រជាពលរដ្ឋគឺជាកម្លាំងចលករដ៍សំខាន់ក្នុងការចូលរួមអនុវត្តគោលនយោបាយ “ភូមិ_ឃុំ មានសុវត្ថិភាព ” អោយមានប្រសិទ្ធភាព ។ ចំពោះការរៀបចំសណ្តាប់នៅលើផ្លូវជាតិលេខ១ចំនុចផ្សាគគីរ ផ្សាគគីរធំ និងនៅលើផ្លូវលេខ១១០ ក៍ត្រូវយកចិត្តទុកដាក់អនុវត្តបន្តទៀតមិនបន្ធូរដៃឡើយ ដើម្បីរៀបចំសណ្តាប់ធ្នាប់អោយបានល្អប្រសើរ ជៀសវាងបានពីមតិរិះរបស់មហាជន ។
យ៉ាងណាក៍ដោយសុំការយោគយល់ពីប្រជាពលរដ្ឋ និងសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយសមត្ថកិច្ចទើបយើងអាចសម្រេចបានការងារសណ្តាប់ធ្នាប់នេះ ។ ចំពោះការងារបំរើ សេវ៉ាជូនប្រជាពលរដ្ឋសូមលោកនាយប៉ុស្តិ៍ទាំងអស់ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយនិងជំរុញបងប្អូនប្រជាពលរដ្ឋអោយបញ្ជូនកូន ចៅ ដែលគ្រប់អាយុមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅតាមប៉ុស្តិ៍រដ្ឋបាល ។ ហើយការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះមិនតម្រូវអោយបង់ប្រាក់ឡើយ ។
ជាមួយគ្នានេះដែរលោកអធិការបានណែនាំអោយមន្ត្រីនគរបាលទូទាំងស្រុកកៀនស្វាយត្រូវចាត់ទុកថា យើងគឺជាអ្នកបំរើប្រជាពលរដ្ឋ ការពារសន្តិសុខជូនប្រជាពលរដ្ឋ ពេលចុះបំពេញការងារត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៍ វិជ្ជាជីវៈ មានអាកប្បកិរិយាទន់ភ្លន់ តែម៉ឺងម៉ាត់ ៕សណ្តោស















