ខ្សឹបដាក់ត្រចៀក ៖ បទល្មើសនេសាទនៅខេត្តពោធិ៍សាត់ កំពុងបំផ្លាញធនធានមច្ឆជាតិក្នុងបឹងទន្លេសាបឲ្យវិនាសដែលអាជ្ញាធរធ្វើមិនដឹង

ចែករំលែក៖

ប្រជានេសាទរស់នៅតំបន់បឹងទន្លេសាបនៅស្រុកក្រគរ និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ករណីឈ្មួញប្រើឧបករណ៍ខុសច្បាប់ចាប់កូនត្រីល្អិតៗកំពុងកើតឡើងយ៉ាងពេញបន្ទុក ហើយមិនឃើញមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបបទល្មើសឡើយ។ ប្រភពបានឲ្យដឹងទៀតថា ក្រុមមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកក្រគរ និងស្រុកកណ្ដៀង កំពុងសប្បាយប្រមូលលុយពីអ្នកនេសាទ ដែលប្រើឧបករណ៍ខុសច្បាប់ចាប់កូនត្រីក្នុងរដូវបិទនេសាទយ៉ាងមហន្តរាយ។ ការដែលមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកកណ្ដៀង ស្រុកក្រគរ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តត្រូវបានគេដឹងថា មានការឃុបឃិតបើកដៃពីសំណាក់លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល និងលោក ឡាយ ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ផងដែរ។

តាមការអះអាងពីមន្ត្រីអាជ្ញាធរមូលដ្ឋាន និងប្រជានេសាទក្នុងតំបន់បឹងទន្លេសាបនៃស្រុកក្រគរ ស្រុកកណ្ដៀង បានឲ្យដឹងថាក្នុងមួយយប់ៗកូនត្រីល្អិតៗចម្រុះរាប់រយតោនត្រូវបានគេចាប់យកទៅធ្វើជាចំណីត្រីរ៉ស់ ត្រីឆ្ដោ ហើយអ្នកប្រព្រឹត្តបទល្មើសភាគច្រើនជាជនជាតិវៀតណាមដែលមានការឃុបឃិតបើកដៃពីមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ។

NKD-36x6_outline

ប្រភពបានឲ្យដឹងទៀតថា ជនជាតិវៀតណាមកំពុងប្រើឆ្នុកភ្លើងពណ៌ដើម្បីចាប់កូនត្រីល្អិតៗក្នុងរដូវបិទនេសាទ ហើយទីតាំងដែលកំពុងកើតមានបទល្មើសយ៉ាងរាលដាលនាពេលបច្ចុប្បន្ននេះនៅចំណុចកំពង់ថ្គោល កំពង់ឃ្នាស កំពង់ប្រាក់ កោះក្អែក ផាត់សណ្ដោង រាំងទឹល និងដីរនាត ក្នុងភូមិសាស្ត្រស្រុកក្រគរ និងស្រុកកណ្ដៀង។ ឈ្មួញមួយចំនួនបានប្រមូលទិញត្រីល្អិតៗរាប់រយតោនក្នុងមួយថ្ងៃៗដឹកតាមទូកឌុកយឿ យកមកឲ្យឈ្មួញធំៗនៅក្នុងស្រុកក្រគរ និងឈ្មួញមកពីតំបន់មួយចំនួនទៀត។

...

បទល្មើសដែលកើតឡើងយ៉ាងពេញបន្ទុកបែបនេះ ត្រូវមន្ត្រីរដ្ឋបាលជលផលតូចតាចក្នុងខេត្តពោធិ៍សាត់ បញ្ជាក់ថាមានការឃុបឃិតបើកដៃពីសំណាក់លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ជាមួយលោក ភុន វណ្ណា នាយសង្កាត់រដ្ឋបាលកណ្ដៀង និងនាយសង្កាត់រដ្ឋបាលជលផលកំពង់ហ្លួង ហើយប្រមួលឲ្យលោក ឡាយ ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់មកជូនលោកអភិបាលរងខេត្តម្នាក់។ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងបឹងទន្លេសាបនៃខេត្តពោធិ៍សាត់ កំពុងកើតឡើងយ៉ាងពេញបន្ទុក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print