ភ្នំពេញ៖ សាលាប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី “ប្រកួត ប្រជែងសំណេរភាសាអង់គ្លេស (English Writing Contest Program)” វគ្គផ្តាច់ព្រ័ត្រលើកទី១សម្រាប់សិស្សភាសាអង់គ្លេស Level5 Level8 Level11 និង Level12 នៅថ្ងៃទី៣១ខែតុលា ឆ្នាំ ២០១៧ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលមានបេក្ខជន ចំនួន៥៧នាក់ មកពី១៧សាខា និងមានអ្នកចូលរួម ចំនួន ៧០០នាក់ ក្រោមអធិបតីភាពរបស់ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេស បានអោយដឹងថា៖ ថ្ងៃនេះ ការិយាល័យភាសាអង់គ្លេស បានរៀបចំការប្រកួតប្រជែងសំណេរភាសាអង់គ្លេសដែលជាផ្នែកមួយ ក្នុងកម្មវិធីទី៥ នៃកម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៨ របស់សាលា ប៊ែលធី អន្តរជាតិ សម្រាប់ថ្នាក់ចំណេះទូទៅ និង ភាសាអង់គ្លេសទូទៅ រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធី ទស្សនកិច្ចសិក្សាទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ទី៧.កម្មវិធីប្រកួតប្រជែង ទេពកោសល្យ និងទី៨.កម្មវិធីកីឡា ហើយ ការប្រកួតប្រជែងសំណេរភាសាអង់គ្លេសនេះ ធ្វើឡើងជា២ដំណាក់កាលគឺៈ
១-កម្រិតសាខា (Campus Level): គ្រប់សាខាសាលា ប៊ែលធី អន្តរជាតិ ត្រូវរៀបចំការប្រកួតផ្ទៃក្នុង ដើម្បីជ្រើសរើសយកជ័យលាភីលេខ១ មកចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ។
២- កម្រិតប៊ែលធី (BELTEI Level): ជ័យលាភីលេខ១ នៃ Level5 Level8Level11 និង Level12 មកពីទាំង១៧សាខា ត្រូវមកប្រកួតប្រជែង ដើម្បីជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ ដែលនឹងទទួល បានរង្វាន់ ដូចជាៈ
-លេខ១: មេដាយមាស១ លិខិតសរសើរ ប្រាក់300$ និងអាហារូបករណ៍ថ្នាក់ភាសាអង់គ្លេស ១០០% ចំនួន៣វគ្គ
-លេខ២: មេដាយប្រាក់១ លិខិតសរសើរ ប្រាក់200$ និងអាហារូបករណ៍ ថ្នាក់ភាសាអង់គ្លេស ១០០% ចំនួន២វគ្គ
-លេខ៣: មេដាយសំរិទ្ធ១ លិខិតសរសើរ ប្រាក់100$ និងអាហារូបករណ៍ ថ្នាក់ភាសាអង់គ្លេស ១០០% ចំនួន១វគ្គ
-ចំពោះLevel12 ត្រូវបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្រលេខ១ = ៣ឆ្នាំ លេខ២ = ២ឆ្នាំ និង លេខ៣ = ១ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ។
បេក្ខជនជ័យលាភីលេខ១ ដល់ លេខ៣ Level5, 8, 11&12ទាំងអស់ ត្រូវបានទៅទស្សនា នៅប្រាសាទ អង្គរវត្ត រយៈពេល ៣ថ្ងៃ ២យប់ ។ ចំពោះលោកគ្រូ-អ្នកគ្រូដែលមានសិស្សជាប់ជ័យលាភី ក៏ត្រូវទទួលរង្វាន់ ទឹកប្រាក់ ៥០% និងលិខិតសរសើរផងដែរ។
ក្នុងឱកាសនោះផងដែរ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប បានកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសក្មួយៗជ័យលាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីសាខារបស់ខ្លួន រហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ លោក បានបន្ថែមទៀតថា កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណង ពង្រឹងគុណភាព ផ្នែកភាសាអង់គ្លេសទូទៅ ឲ្យកាន់តែ ប្រសើរឡើងថែមទៀត ទាំង ការសរសេរ ការគិតឲ្យមានភាពរហ័សរហួន និងផ្តល់ឱកាសដល់សិស្ស ដើម្បីបង្ហាញនូវសមត្ថភាព និងស្វែងរកអ្នកដែលពូកែបំផុត ឆ្លាតវៃ ឲ្យស្របតាមបាវចនាប៊ែលធី “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ។
លោក ក៏បានផ្តាំផ្ញើ ដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ Level12 ផ្នែកភាសាអង់គ្លេស ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅ ដល់ការប្រឡងតេស្តអន្តរជាតិ (TOEFL ឬ IELTS)ឲ្យបានពិន្ទុយ៉ាងតិច៦.៥ឡើងទៅ សម្រាប់ដាក់ពាក្យសុំអាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេសដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍ ប្រទេសជាតិទៅថ្ងៃអនាគត។
ជាទីបញ្ចប់ លោកប្រធានគណៈអធិបតី ក៏បានប្រគល់ មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី Level 5Level 8 Level 11 និងLevel 12 ចំនួន១២នាក់ ផងដែរ៕ សរស្មី