មន្ត្រីពន្ធដារចាស់ពីរនាក់ទៀតស្នើសុំបន្តការងារ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមបទពិសោធន៍ពេញខ្លួនរបស់មន្ត្រីជាន់ខ្ពស់នៅអង្គភាពពន្ធដារ ដែលចាស់វស្សាពីរនាក់ ត្រូវបានថ្នាក់ដឹកនាំអង្គភាពស្នើសុំរកការយល់ព្រមពីប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដើម្បីអាចឲ្យពួកគាត់មានលទ្ធភាពនៅបន្តជួយតម្រែតម្រង់ក្រុមក្មេងៗជំនាន់ក្រោយឲ្យធ្វើការ ងារបានស្រួលបួល។ នេះបើតាលិខិតរបស់លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លិខិតរបស់លោករដ្ឋលេខាធិការគង់ វិបុល ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ស្នើសុំសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន អនុញ្ញាតសុំពន្យារអាយុចូលនិវត្តន៍មន្ត្រីពន្ធដារពីររូបគឺលោកវ៉ាន់ ពុទ្ធិពល ឋានៈអគ្គនាយក រង និងលោកហេង ណារិទ្ធ ឋានៈអនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ ។ ប៉ុន្តែបើតាមច្បាប់ បុរសវ័យចំណាស់ទាំងពីរនាក់ខាងលើគឺបាត់បង់លទ្ធពលកម្មដើម្បីបំពេញការងារទៀតហើយ ។ ពួកគាត់អាចក្លាយត្រឹមតែជាទីប្រឹក្សាថ្នាក់ដឹកនាំអង្គភាព ឬស្ថាប័នតែប៉ុណ្ណោះ។ ប៉ុន្តែដោយសារទឹកចិត្តរបស់បុរសវ័យចំណាស់ទាំងពីរនាក់ស្នេហាជាតិខ្លាំង គាត់មិនសុខចិត្តចុះចេញពីតំណែងនោះទេ បើទោះបី ជាចាស់ទ្រុឌទ្រោមសុខភាពមិនល្អ ក៏នៅមានភក្តីភាពនឹងការងារ ដូច្នេះទើបជំរុញឲ្យថ្នាក់ដឹកនាំស្ថាប័ន សុំទៅប្រមុខដឹកនាំប្រទេសដើម្បីបានបម្រើប្រទេសជាតិបន្តទៀត។

ក្រុមមន្ត្រីក្មេងៗនៅអគ្គនាយកដ្ឋានពន្ធដារខ្សឹបខ្សៀវគ្នានៅពេលឃើញលិខិតលោកគង់ វិបុលស្នើសុំឲ្យបុរស វ័យចំណាស់ពីរនាក់នៅបន្តការងារទៀតនោះថា ពួកគាត់ទាំងពីរនាក់គឺជាធនធានមនុស្សដែលមិនអាចខ្វះបានទាល់តែសោះនៅក្នុងអគ្គនាយកដ្ឋានពន្ធដារនៃប្រទេសកម្ពុជា។ នៅក្នុងស្ថាប័ននេះ អាចប្រឈមនឹង ហានិភ័យខ្ពស់ចំពោះធនធានមនុស្ស ប្រសិនបើបុរសទាំងពីរនាក់នេះព្រមចូលនិវត្តន៍ដោយស្ម័គ្រចិត្ត ឬក៏នៅពេលអនាគត គាត់លែងមានជីវិតនៅលើពិភពលោកនេះ អគ្គនាយកដ្ឋានពន្ធដារប្រាកដជាជួបបញ្ហាធំដោះមិនចេញ ។ នេះបើតាមពួកមន្ត្រីក្មេងៗនៅក្នុងអង្គភាពពន្ធដារនិយាយ។ រីឯមន្ត្រីវ័យកណ្តាលដែលអត់បក្ខពួកនិយាយថា មន្ត្រីដ៏សំខាន់ទាំងពីររូបជាឆ្អឹងខ្នងរបស់អង្គភាព ប្រសិនបើអត់ពួកគាត់ អង្គភាពនេះប្រាកដជាដួលរលំមិនខាន។

ជាទូទៅមន្ត្រីនៅនាយកដ្ឋានពន្ធដារនិយាយថា វាជាភាពចាំបាច់ និងត្រូវត្រូវដែលលោករដ្ឋលេខាធិការគង់ វិបុល ក្នុងនាមអគ្គនាយកពន្ធដារចេះរកវិធីដើម្បីជួយពន្យារអាយុមន្ត្រីនៅក្រោមឱវាទមិនឲ្យចូលនិវត្តន៍។ ក្រុមមន្ត្រីនៅអង្គភាពពន្ធដារនិយាយថា ពួកគេអាចពន្យារអាយុនៅក្នុងការងារបាន ប៉ុន្តែមិនអាចពន្យារជីវិតជាមួយមជ្ជរាជបានទេ។

NKD-36x6_outline

អគ្គនាយករងពន្ធដារ លោកវ៉ាន់ ពុទ្ធិពល បានធ្វើឲ្យលេចឮឈ្មោះមួយរយៈចុងក្រោយនេះ នៅគ្រាដែលលោកមានទំនាស់ជាមួយក្រុមមេធាវី។ ក្នុងនាមជាអ្នកដែលមានចំណេះដឹង និងបទពិសោធន៍ដ៏ជ្រាលជ្រៅដូចដែលលោកគង់ វិបុលបានអះអាងប្រាប់ប្រមុខរាជរដ្ឋាភិបាលនោះ ក្រុមមេធាវីយល់ថា លោកវ៉ាន់ ពុទ្ធិពលបានប្រើភាសាជេរប្រមាថជាសាធារណៈ ដោយប្រដូចមេធាវីទៅនឹងសត្វទៅវិញ។

កាលនោះ អតីតប្រធានគណៈមេធាវី លោក ប៊ុន ហុន បានបញ្ចេញប្រតិកម្មថា «នេះជាអំពើជេរប្រមាថជាសាធារណៈ ដែលមិនអាចអត់ឱនឲ្យបានឡើយ។ ក្នុងឋានៈជាបញ្ញវន្ត និងជាមន្ត្រីរាជការមួយរូប មិនអាចមកប្រៀបធៀបមេធាវីជាសត្វគោទេ។ តើលោកជាអ្វី? មន្រ្តីបែបនេះហើយ ដែលធ្វើឲ្យគេក្តៅក្រហាយ។ ខ្ញុំសូមថ្កោលទោស ចំពោះសម្តីពាលអសីលធម៌បែបនេះ»។

លោក ប៊ុន ហុន បានបន្តថា «សម្តីបែបនេះ គួរតែជាសម្ដីជនពាល ដែលមិនធ្លាប់ចូលសាលាអប់រំ។ វាមិនសម ជាសម្តីអ្នករាជការបម្រើរាស្ត្រទេ។ អ្នករាជការ គេប្រើច្បាប់មកដោះស្រាយគ្នា មិនមែនជេរប្រមាថគ្នាតាមហ្វេសប៊ុក និងប្រមាថគេជាទូទៅបែបនេះទេ។ ល្មមឲ្យគាត់ស្គាល់តម្លៃច្បាប់ខ្លះ កុំអាងខ្លួនមានលុយ មានអំណាច»។

ច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលជំពូកទី៧ មាត្រា៥៤ ចែងថាមន្រ្តីរាជការទាំង២ភេទត្រូវដាក់ឲ្យចូលនិវត្តន៍ជាកំហិត ពេលដល់អាយុ៥៥ឆ្នាំ។ អាយុកំហិតនេះអាចរំកិលឡើងដល់៦០ឆ្នាំ។

ស្របពេលដែលលោក គង់ វិបុល បានស្នើសុំសម្ដេចតេជោ ដើម្បីពន្យារអាយុចូលនិវត្តន៍សម្រាប់មន្ត្រីចំណាស់ទាំង២នាក់នេះ កំពុងតែធ្វើឲ្យប៉ះពាល់ពន្លកថ្មី ដែលដុះឡើងប្រកបដោយសមត្ថភាព និងទេពកោសល្យមិនចាញ់លោក វ៉ាន់ ពុទ្ធិពល និងលោក ហេង ណារិទ្ធិឡើយ ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print