ភ្នំពេញ ៖ រហូតមកទល់ពេលនេះមានរយៈពេលជិត៦ខែហើយ ដែលសំណុំរឿងអតីតឧកញ៉ាថោង សារ៉ាត់ អ្នកមានស្តុកស្តម្ភនៅកម្ពុជា បច្ចុប្បន្នមានឈ្មោះជាប់ឃុំក្នុងពន្ធនាគារព្រៃសតែធាតុពិតកំពុងសម្រាកក្នុងមន្ទីរពេទ្យរុស្ស៊ីជាយូរមកហើយ នៅពុំទាន់ត្រូវបានលោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមនៅឡើយទេ បន្ទាប់ពីបញ្ចប់សវនាការអង្គសេចក្តី ។
លោក ថោង សារ៉ាត់ និង ក្រុមអង្គរក្ស ត្រូវបានតុលាការចោទប្រកាន់ ពាក់ព័ន្ធការបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤ ហើយមកទល់ពេលនេះ ក្រុមជនជាប់ចោទ ត្រូវជាប់ពន្ធនាគារជិត៣ឆ្នាំហើយ ។
លោក តុប ឈុនហេង ប្រធានក្រុមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ អមដោយលោកម៉េង តូនីនិងលោកហេង កេសរោ ជាចៅក្រមប្រឹក្សា បានពន្យារពេលប្រកាសសាលក្រមរឿងក្ដីនេះជិត៦ខែហើយគិតចាប់ ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧រហូតមកដល់ថ្ងៃទី០១ខែវិច្ចិកា ឆ្នាំ២០១៧ នៅពុំទាន់កំណត់កាលបរិច្ឆេទប្រកាសសាលក្រមទេ បន្ទាប់ពីបញ្ចប់សវនាការអង្គសេចក្តីរួចមក ។
លោកលី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បញ្ជាក់ថា ការមិនទាន់ប្រកាសសាលក្រមនេះមិនខុសច្បាប់ទេព្រោះជារឿងព្រហ្មទណ្ឌមានភាពចាំបាច់និងស្មុគស្មាញច្រើនទើបមានការពន្យាដើម្បីទុកពេលពិចារណាសិន។
ពាក់ព័ន្ធបញ្ហានេះ លោកមេធាវី ហុង គឹមសួន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ថ្លែងថា ការសម្រេចពន្យារពេលប្រកាសសាលក្រមនេះ គឺ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់គូភាគី ហើយបានបង្ហាញអំពីការមិនយកចិត្តទុកដាក់របស់តុលាការ ។
លោកមេធាវី បន្តថា ” កាលណាតុលាការសម្រេច គូភាគីមានពេលវេលាសម្រាប់ប្តឹងបន្តទៀត ឬ ទទួលយកការសម្រេចនេះ តែបើទុកចោលចឹង គឺ វាប៉ះពាល់សិទ្ធិគូភាគីហើយ ” ។
ដោយឡែក លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់បញ្ជាក់ថា ជាគោលការណ៍ច្បាប់គឺមិនកំណត់រយៈពេលនៃការប្រកាសសាលក្រមនេះទេ គឺវាអាស្រ័យលើស្ថានភាពជាក់ស្តែងនៃកម្មវិធី ចំនួនសំណុំរឿង និងកាលវិភាគរបស់តុលាការ តែទោះជាអញ្ចឹងក៏ដោយ ដើម្បីធានាដល់សិទ្ធិនិងផលប្រយោជន៍គ្រប់ភាគីដែលពាក់ព័ន្ធ តុលាការត្រូវប្រឹងប្រែងបន្តនីតិវិធីទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ទោះបីច្បាប់មិនបានកំណត់រយៈពេលក៏ដោយ។
រឿងក្ដីនេះ ស្ទើរក្លាយជាមន្ទិលសង្ស័យគ្រប់មជ្ឈដ្ឋានទៅហើយ នៅពេលសាលក្រមរឿងក្ដីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលមានលោក ថោង សារ៉ាត់ សេដ្ឋីស្តុកស្តម្ភនៅកម្ពុជា ជាមេខ្លោង ពន្យារពេលជាច្រើនខែហើយពុំទាន់ប្រកាសសាលក្រម។
អ្នកច្បាប់មួយរូបផ្សេងទៀតសុំមិនបញ្ចេញឈ្មោះ អះអាងថា រឿងក្តីព្រហ្មទណ្ឌបទល្មើសឧក្រិដ្ឋ ដែលពន្យារពេលប្រកាសសាលក្រម គឺ មិនមានកំណត់ក្នុងច្បាប់នោះទេ តែអាចបង្កប់នូវភាពមិនប្រក្រតី ។
ប្រភពព័ត៌មាន បញ្ជាក់ថា ការពន្យារពេលដ៏យូរនេះ គឺទុកពេលឲ្យអ្នករត់ការទៅសុំអន្តរាគមន៍ពីថ្នាក់លើដើម្បីជួយបន្ធូរបន្ថយទោសឬលើកលែងទោសឲ្យលោកថោង សារ៉ាត់និងគូកន។
លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ រីឯក្រុមអង្គរក្ស ត្រូវបានចោទប្រកាន់ពីបទសមគំនិតនិងបទឃាតកម្មគិតទុកជាមុនដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតដែរ ។
ហេតុការណ៍បាញ់សម្លាប់កក្រើករាជធានីភ្នំពេញនេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ៕ ចេស្តា