ភ្នំពេញៈ រថយន្តពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យខូចខាតរថយន្តចំនួន៣គ្រឿង និង ម៉ូតូចំនួន៣គ្រឿង ស្ទើរតែទាំងស្រុង កាលពីវេលាម៉ោង៤ និង២០នាទីយប់ទៀបភ្លឺ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ចំណុចខាងមុខអគារទីស្តីការចាស់ ស្ថិតនៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោម កែងនឹង មហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យសារព័ត៌មាននគរវត្តដឹងថា មុនពេលកើតពួកគាត់បានលក់បបរ ស លក់ប្រហិត ដូចសព្វដង ខណៈនោះក៏ឃើញរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ប្រភេទ១៥កៅអី ពណ៌សំបកឪឡឹក ដឹកឥវ៉ានពេញ មិនមានស្លាកលេខ បើកបរដោយបុរសម្នាក់តាមបណ្ថោយមហាវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងយ៉ាងលឿន ភ្លាមនោះក៏មានរថយន្តមួយគ្រឿងទៀត ម៉ាក តូយ៉ូតា ហាយឡេនឌឺ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២S-៩៥២២ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនដូចគ្នា ធ្វើដំណើរតាមបណ្ដោយមហាវិថីកម្ពុជាក្រោម ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុច ស្តុប BS ភាគីទាំងសងខាង បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ បណ្ដាលឲ្យបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត តូយ៉ូតា ហាយឡេនឌឺ រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ និង រថយន្តសាំយ៉ុង រេចង្កូតទៅបុកម៉ូតូចំនួន៣គ្រឿង និង រថយន្តមួយគ្រឿងទៀតដែលទុកកន្លែងផ្ញើបណ្ដាលឲ្យខូចខាត់ស្ទើរតែទាំងស្រុង។ ចំណែកសម្ភារដែលរងការខូចខាត់រួមមាន រថយន្តមួយគ្រឿងម៉ាក តូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ ២AN-០៦៨៩ និង ម៉ូតូចំនួនបីគ្រឿង បន្ថែមទៀត។
បញ្ជាក់បុរសដែលជាអ្នកលក់ប្រហិតរងរបួសធ្ងន់បាក់ជើង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែតភ្លាមៗ ដើម្បីព្យាបាល។
ក្រោយពេលកើតហេតុ កម្លាំងជំនាញចរាចរណ៍ខណ្ឌដូនពេញបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និង ទំនាក់ទំនងកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងដើម្បីចាត់ការនៅពេលក្រោយ៕ ស រស្មី