ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ខណ:ដែលរថយន្តដឹកកម្មកររោងចក្រមួយគ្រឿង បានបើកដឹកកម្មករទៅធ្វើការរោងចក្រសុខៗស្រាប់តែក្រឡាប់ផ្ងារជើងតាមដងផ្លូវ បណ្តាលឲ្យមនុស្សជាច្រើននាក់របួស ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅម៉ោង៧ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវជាតិលេខ៦ គីឡូម៉ែត្រលេខ៦៧-៦៨ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
លោកអធិការរងស្រុកជើងព្រៃ ទទួលផ្នែកចរាចរណ៍បានប្រាប់ឲ្យដឹង ថា រថយន្តដែលក្រឡាប់នេះម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-4553 បើកបរដោយឈ្មោះ ឆៃ គីមហេង ភេទប្រុស ទីលំនៅភូមិពោធិ៍ស្ទាង ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម។រថយន្តនេះដឹកកម្មករទៅធ្វើការនៅរោងចក្រដោយ បើកពីលិចទៅកើតឆ្ពោះទៅរោងចក្រជូហួយហើយបាន ក្រឡាប់ខ្លួនឯង បណ្តាលឲ្យកម្មករ កម្មការិនី ជាច្រើននាក់របួសធ្ងន់និងស្រាល(មិនមានអ្នកស្លាប់) ត្រូវបានអាជ្ញាធរដែនដី បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃជាបន្តបន្ទាប់ ។ ចំពោះមូលហេតុ ដែល បណ្តាលឲ្យរថយន្តនេះក្រឡាប់ ត្រូវបានអ្នកបើកបរអះអាងថាមកពីបើកគេចពីរថយន្តមួយនៅ ពីមុខហើយជាន់ហ្រ្វាំងបង្ខំគួបជួនផ្លូវរអឹលទៀត ទើបក្រឡាប់ទាំងកំរោលយ៉ាងនេះ ៕ សហការី