ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូពីក្មេងប្រុសម្នាក់គេចខ្លួនបាត់ដោយសុវត្តិភាពបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបេតុង ខាងក្រោយហាងខារ៉ាអូខេ សែនអាល័យ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះខាងលើមាន ឈ្មោះ រឿន ចាន់ណា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្សសាលា មានទីលំនៅកន្លែងកើតហេតុ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុពេលកើតហេតុគេឃើញក្មេងប្រុលម្នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-3968 មកដាក់មុខផ្ទះ ស្រាប់តែជនសង្ស័យគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកដល់វាយក្មេង រងគ្រោះមួយដៃ រួចដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ ជិះគេចចេញទៅបាត់ដោយសុវត្តិភាព ។
តាមក្រុមគ្រួសារក្មេងរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ក្មេងរងគ្រោះត្រូវបានម្តាយឲ្យអូសម៉ូតូចេញ ដាក់ក្រៅមុខផ្ទះក្នុងគោលបំណងរងចាំឌុបជូនម្ដាយទៅផ្សារ ស្រាប់តែ លិចមុខជនសង្ស័យគ្នា២នាក់ ជិះម៉ូតូឌុបគ្នាមកដល់ ចុះវាយ ក្មេងរងគ្រោះមួយដៃ រួចដកកាំភ្លើង បាញ់ឡើងលើគម្រាម មួយគ្រាប់ រួចជិះគេចចេញទៅបាត់ដោយស្រមោលតែម្តង ។
ក្រោយផ្ទុះអាវុធដោយសារបាញ់គម្រាមប្លន់យកម៉ូតូ រួចសមត្ថកិច្ចទាំងកម្លាំងអាវុធហត្ថ ទាំងនគរបាលចុះ ទៅ ពិនិត្យសាកសួរដល់កន្លែងកើតហេតុ រួចនាំជនរងគ្រោះទៅ សាកសួរនៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តការស្រាវជ្រាវនិងកំណត់មុខសញ្ញាប្លន់ប្រដាប់អាវុធខាងលើ មកផ្តន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ
...