ខេត្តកណ្ដាល ៖ រយៈពេលជិតបីខែហើយ ករណីចាប់ឈើក្រញូងនិងធ្នង់ជិត៤០តោននៅស្រុកកៀនស្វាយ ស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ ពោលគឺ ពុំទាន់រកឃើញម្ចាស់ឈើខុសច្បាប់នេះនៅឡើយទេ ។ មន្ត្រីតុលាការខេត្តកណ្ដាល បញ្ជាក់ថា កំពុងតែបន្តនីតិវិធីករណីនេះ ។
ឈើក្រញូងនិងធ្នង់ជិត៤០តោន ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើខេត្តកណ្ដាល ក្រោមការសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល រកឃើញកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ។
ពេលនោះត្រូវបានប្រភពព័ត៌មាន អះអាងថា មានអ្នកអន្តរាគមន៍ជាច្រើន ហើយសូម្បីម្ចាស់ទីតាំងនិងម្ចាស់ឈើគ្រញូង ក៏អាជ្ញាធររកពុំឃើញឡើយ ។
ពាក់ព័ន្ធករណីនេះ ប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា នេះ ថា លោកព្រះរាជអាជ្ញារង សូ សុវិទ្យា ធ្លាប់បានកោះហៅម្ចាស់ទីតាំងចូលបំភ្លឺម្តងហើយ កាលពីថ្ងៃទី២៧ ខែតុលា តែម្ចាស់ទីតាំងរូបនេះ ពុំបានបង្ហាញខ្លួនឡើយ ទើបពេលនេះ តុលាការកំពុងបន្តនីតិវិធីទៀត៕ ចេស្តា