ភ្នំពេញ ៖ ប្រុសស្រី២នាក់ ដែលជាគូរសង្សារនិងគ្នា បានបើករថយន្តព្រូស ហើយបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់៣កង់ សំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី១១ ខែវិឆ្ឆិកា ឆ្នាំ២០១៧ នៅក្បែរស្ទុបអូឡាំពេជ តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនិងនារីម្នាក់ ដែលពួកគេជាគូរសង្សារនិងគ្នា បានបើករថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1Q.3614 ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ចំណែករថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានទំនាក់ទំនងទៅជំនាញចរាចរណ៍ ឲ្យមកអ្វើការវាស់វែងយករថយន្តបង្កខាងលើទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕ រស្មី