ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំចាប់រថយន្តដឹកឈើយកលុយរួចដោះលែងជាញឹកញាប់

ចែករំលែក៖

ខេត្តកំពង់ធំ​ ៖ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ត្រូវគេរាយការណ៍ថា បានបើកប្រតិបត្តិការ ចាប់រថយន្តដឹកឈើរបស់ឈ្មួញល្បីឈ្មោះជាញឹកញាប់ ហើយដោះ លែងទៅវិញជាថ្នូរនឹងប្រាក់រាប់ពាន់ដុល្លារ ។ ទាំងនេះ គឺជាវិធីរបស់លោកប្រធានមន្ទីរ ចំពោះពួកឈ្មួញទាំងឡាយណារឹងទទឹង មិនព្រមទាក់ទងលោកជាមុន មុននឹងធ្វើសកម្ម ភាពល្មើសអ្វីមួយ ។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុន លោកប្រធានមន្ទីរបានចេញប្រតិបត្តិការ ចាប់រថយន្តដឹកឈើរបស់យាយ យ៉ុន ដែលជាឈ្មួញល្បីឈ្មោះនៅខេត្តកំពង់ធំ រឹបអូសរថ យន្តនិងឈើក្ការទំហំ៥ម៉ែត្រគូប យកមករក្សាទុកនៅមន្ទីរបរិស្ថាន ។ លុះរយៈពេល៣ថ្ងៃ ក្រោយមកទំនងស្ងាត់ល្អ លោកប្រធានមន្ទីរបានព្រមព្រៀងជាមូយយាយយ៉ុន ដោយ ទទួលយកប្រាក់២ពាន់ដុល្លារ ប្រគល់ទាំងឈើនិងរថយន្តឲ្យឈ្មួញវិញ ។

ថ្មីៗកន្លងទៅនេះដែរ ពោលគឺកាលពីថ្ងៃទី៣-៤ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមរបស់លោក តុប កក្កដា បានចាប់រថយន្តដឹកឈើបង្កប់ឈើប្រណីតបាន៥ម៉ែត្រគូប ត្រង់ចំណុចអូរគ្រញូង ឋិតក្នុងឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក៏ដូចជាការចាប់រថយន្តបុកស័រមួយគ្រឿង និងរថយន្តកូរ៉េចំណុះ២ តោនកន្លះ១គ្រឿង ដែលដឹកគ្រឿងសង្ហារឹមគ្មានច្បាប់ទម្លាប់ ។ ករណីចាប់បង្ក្រាបរថយន្តដឹកឈើទាំង២លើកនេះ សុទ្ធតែត្រូវបានដោះលែងទៅវិញ ជាថ្នូរ នឹងលុយកាក់ ។

ប្រភពរាយការណ៍ថា បទល្មើសដែលកើតឡើងជារៀងរាល់ថ្ងៃ ក្នុងស្រុកសណ្តាន់ ខេត្ត កំពង់ធំ ដោយសារក្រុមមន្ត្រីបរិស្ថាន ប្រព្រឹត្តល្មើសជាមួយពួកឈ្មួញ ។ ហេតុដូច្នេះហើយ បានជាមានសេចក្តីរាយការណ៍រាល់ថ្ងៃ អំពីករណីដឹកជញ្ជូនឈើក្នុងភូមិសាស្ត្រស្រុក សណ្តាន់ ខេត្តកំពង់ធំ ។

លោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានប្រាប់យ៉ាងខ្លីថា “ខ្ញុំកំពុងរវល់ប្រជុំ” ហើយក៏បិទទូរស័ព្ទរហូតតែម្តង ។ បើទោះបីព្យាយាមទាក់ទងយ៉ាងណា ក៏លោកមិនលើកទូរស័ព្ទភ្នាក់ងារយកព័ត៌មាន អង្គភាពនគរដ្រេហ្គន ដែរ ។

គេរំពឹងថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ នឹងពិនិត្យមើលរឿងនេះ ជៀស វាងប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំ និងក្រសួងផ្ទាល់តែម្តង ៕ ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print