ភ្នំពេញ ៖ ថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមរឿងក្ដីជនជាប់ចោទ ថោង សារ៉ាត់ អ្នកមានស្តុកស្តម្ភនៅកម្ពុជា បច្ចុប្បន្នមានឈ្មោះជាប់ឃុំក្នុងពន្ធនាគារព្រៃសតែធាតុពិតកំពុងសម្រាកក្នុងមន្ទីរពេទ្យរុស្ស៊ីជាយូរមកហើយ និង ក្រុមអង្គរក្ស ពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់យ៉ាងសាហាវឧកញ៉ា អ៊ឹង ម៉េងជឺ ។
លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ រីឯក្រុមអង្គរក្ស ត្រូវបានចោទប្រកាន់ពីបទសមគំនិតនិងបទឃាតកម្មគិតទុកជាមុនដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតដែរ ។
កាលបរិច្ឆេទនៃការប្រកាសសាលក្រមនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខនេះ ក្រោយពេលលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ពន្យារពេលប្រកាសសាលក្រម ពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្ដប្រព័ន្ធតុលាការនៅកម្ពុជា ជាង៦ខែរួចមក បន្ទាប់ពីបញ្ចប់សវនាការអង្គសេចក្តី។
អ្នកច្បាប់មួយរូបសុំមិនបញ្ចេញ ថ្លែងថា នេះជាបទល្មើសឃាតកម្មគិតទុកជាមុន កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ដែលតុលាការអាចមានជម្រើសពីរ គឺ ប្រកាសផ្តន្ទាទោស ឬ ប្រកាសលើកលែងការចោទប្រកាន់ ឬ អាចមានជម្រើសផ្សេងទៀត តាមឆន្ទានុសិទ្ធិរបស់ក្រុមប្រឹក្សាជំនុំជម្រះ ។
លោក ថោង សារ៉ាត់ និង ក្រុមអង្គរក្ស ត្រូវបានតុលាការចោទប្រកាន់ ពាក់ព័ន្ធការបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤ ហើយមកទល់ពេលនេះ ក្រុមជនជាប់ចោទ ត្រូវជាប់ពន្ធនាគារជិត៣ឆ្នាំហើយ ។
ហេតុការណ៍បាញ់សម្លាប់កក្រើករាជធានីភ្នំពេញនេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ៕ចេស្តា