ភ្នំពេញ៖ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ជឿជាក់ថា គណបក្សសង្គ្រោះជាតិ ពិតជារលាយមួយរយភាគរយ យោងតាមភស្តុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលក្រសួងមហាផ្ទៃដាក់ជូនតុលាការកំពូល ។ ចំណែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាង១០០រូប ក៏អាចត្រូវតុលាការកំពូល ផ្អាកសកម្មភាពនយោបាយ៥ឆ្នាំផងដែរ ។
ការថ្លែងរបស់ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ខណៈក្រុមមេធាវីដាក់ភស្តុតាងបន្ថែមជូនតុលាការកំពូល ដែលនៅថ្ងៃទី១៦ ខែវិច្ឆិកា តុលាការនឹងជំនុំជម្រះបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ។
លោក គី តិច មេធាវីតំណាងក្រសួងមហាផ្ទៃ ថ្លែងថា “ក្រុមមេធាវី ដាក់ភស្តុតាងសំខាន់ៗចំនួនបីបន្ថែមទៀតជូនតុលាការកំពូល ដែលក្នុងនោះមានសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវី ភស្តុតាងថ្មីៗដែលបញ្ជាក់អំពីអំពើបាននិងកំពុងបន្តធ្វើនៃផែនការបដិវត្តន៍ពណ៌ និង ជាពិសេស គឺ បញ្ជីឈ្មោះផ្លូវការថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវសុំឱ្យតុលាការកំពូលហាមឃាត់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ “។
ក្រុមមេធាវី ជឿជាក់ថា គណបក្សសង្គ្រោះជាតិ ពិតជារលាយមួយរយភាគរយ ដោយយោងតាមភស្តុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់និងរឹងមាំដែលផ្តល់ជូនតុលាការកំពូល ។
រហូតមកទល់ពេលនេះ គណបក្សសង្គ្រោះជាតិ ពុំបានពឹងពាក់មេធាវីឱ្យការពារក្ដីនៅតុលាការកំពូលទេ ។ បញ្ហានេះ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ បញ្ជាក់ថា ទោះបីគណបក្សសង្គ្រោះជាតិ ពុំបានដាក់មេធាវី ក៏តុលាការកំពូលអាចបន្តនីតិវិធីបានដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្រុមមេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូល ដើម្បីប្តឹងស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិនរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានដាក់នៅតុលាការកំពូល គឺមានកម្មវត្ថុប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យបណ្តឹងនេះ គឺផ្អែកលើភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្រ្គោះជាតិបាននិងកំពុងអនុវត្តផែនការដោយឃុបឃិតគ្នា ជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។ ដោយបានរកឃើញវីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន និងភស្តុតាងជាច្រើនទៀត ដែលដាក់ជូនតុលាការកំពូលថ្ងៃនេះ និងខ្លះទៀតដែលយើងមានក្នុងដៃរបស់យើងរួចហើយ។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ បានរៀបរាប់បន្ថែមថា៖ អង្គហេតុនៃសកម្មភាពខុសច្បាប់របស់គណបក្សសង្រ្គោះជាតិ គឺបានបំពានទៅនឹងមាត្រា ៦ ថ្មី (ពីរ) និងមាត្រា ៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕ ចេស្តា