នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង ចុះឆែកឆេរសិប្បកម្មវិចខ្ចប់ សាច់គោងៀតពិសេស សញ្ញាគោញញឹម ការពិតធ្វើពីសាច់ជ្រូកសោះ

ចែករំលែក៖

ភ្នំពេញ ៖ សិប្បកម្ម ១កន្លែង ដែលបើក អាជីវកម្មកែច្នៃចំណីអាហារពីស្រស់ទៅ ក្រៀម ដែលមានការវេចខ្ចប់ត្រឹមត្រូវ ប៉ុន្តែ បែរជាបានបំភ្លៃការផលិត ដោយដាក់ចំណី ខ្លះផលិតនៅប្រទេសថៃការពិតគឺធ្វើនៅ ក្នុងសិប្បកម្ម មួយដែលមានលក្ខណៈកខ្វក់ មិនត្រឹមតែប៉ុណ្ណោះសិប្បកម្មនេះ បានយក សាច់ជ្រូកទៅធ្វើជាងៀតបន្លំ ដាក់ថាជា ងៀតគោ ហើយច្រកដោយដាក់យីហោ សាច់គោងៀតពិសេស សញ្ញាគោញញឹម តែការពិត ធ្វើពីសាច់ជ្រូកសោះ បញ្ហានេះបានប៉ះពាល់ដល់បងប្អូនខ្មែរ-ឥស្លាមមួយ ចំនួនដែលពួកគាត់ធ្លាប់បាន បរិភោគ ហើយ ខុសពីតំណំសាសនារបស់ពួកគាត់ ។

ក្នុងប្រតិបត្តិការចុះទៅត្រួតពិនិត្យសិប្បកម្មខាងលើបានធ្វើឡើង កាលពីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះ លេខ១៣X ផ្លូវ២៧១ស្តួន សង្កាត់បឹង សាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបាន ឲ្យដឹងថា សាច់ងៀតជ្រូកដែលគេបន្លំថាជា ងៀតគោនេះគឺមុនដំបូងគេបានយកសាច់ ជ្រូក ដែល ទិញពីផ្សារទៅស្ងោរ ហើយ ត្រាំទឹករួចហើយហាលឲ្យស្ងួត បន្ទាប់មក យកគ្រឿងផ្សំផ្សេងៗ ដូចជាម្ទេសល័ក្ខ និងគ្រឿងផ្សំផ្សេងទៀត ដែលមានក្លិន ស្រដៀងនឹងសាច់គោ មកលាយផ្សំគ្នាទើបយកទៅចម្អិនបន្ថែមហើយច្រកដាក់លក់តែម្ដង ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានលើកឡើងថា សាច់ជ្រូកទាំងអស់នេះ អាចត្រូវម្ចាស់ សិប្បកម្មខាងលើ ទិញសាច់ ជ្រូកមានជំងឺនិងសល់ពីការលក់នៅតាម ផ្សារ ។

បើតាមប្រជាពលរដ្ឋរស់នៅជិតសិប្បកម្មនោះ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់ តែងតែទទួលឥទ្ធិពលពីក្លិនស្អុយ ដែលជះ ចេញពីក្នុងសិប្បកម្មនេះដែលធ្វើឲ្យពួកគាត់ពិបាកដកដង្ហើម និងវា បានធ្វើឲ្យពួកគាត់ មានការព្រួយបារម្ភខ្លាចប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ផងដែរ ។

ម្ចាស់សិប្បកម្មខាងលើ ឈ្មោះ ហា ស៊ីម៉េង ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក បានឲ្យដឹងថា អាជីវកម្មនេះបានបើកអស់ រយៈពេលជិត១០ឆ្នាំ មកហើយ ដោយមានលិខិតអនុញ្ញាតចេញដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ចុះថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០០៨ ហើយផ្នែកអនាម័យ ចេញដោយ សាលារាជធានីភ្នំពេញ និង មន្ទីរសុខាភិបាល រាជធានីភ្នំពេញ ។ ស្ដ្រី ដដែលបានបញ្ជាក់ថា គ្រឿងផ្សំធ្វើសាច់ គោងៀតពិសេសសញ្ញាគោញញឹមនេះ ធ្វើពីសាច់គោ ស្ករ អំបិល និងគ្រឿងផ្សំ ផ្សេងៗ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា លោក ហ៊ឹមង ប៊ុនថន ព្រះរាជ អាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ត្រី មាស រ៉ាវុធ អនុ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំង ព្រម ទាំងមន្ត្រីកាំកុង ចុះត្រួតពិនិត្យទីតាំងសិប្បកម្មកែច្នៃចំណីអាហារខាងលើ ដោយ សង្ស័យថា គ្មានអាជ្ញាប័ណ្ណអនុញ្ញាតត្រឹមត្រូវ និងលួចកម្មសិទ្ធិយីហោ ។

គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការជាក់ ស្តែងនេះ កម្លាំងបាននាំយកនំមឹកកញ្ចប់ ម៉ាក SENTO ៤.២គីឡូក្រាម, សំបក កញ្ចប់នំម៉ាក SENTO ៨គីឡូក្រាម និង សាច់បន្ទះមឹកម៉ាក SENTO ២៤គីឡូ ក្រាម យកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីត្រួត ពិនិត្យបច្ចេកទេស ។ ដោយឡែកចំពោះ សិប្បកម្មខាងលើវិញ ត្រូវបានបិតជា បណ្ដោះអាសន្ន រង់ចាំតុលាការស៊ើបអង្កេត​បន្ត ហើយបើរកឃើញថាខុសច្បាប់នោះ ​នឹងឈានដល់បិតតែម្ដង ៕  ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print