ប្រឈម​ផ្លូវ​ច្បាប់​ !​ តុលាការ​ កោះ​ហៅ​ ​កញ្ញា​ នី​ មុន្នីនាថ​ ​ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​២២វិច្ឆិកា​

ចែករំលែក៖

ភ្នំពេញ​៖​ កញ្ញា​នី​ មុន្នីនាថ​ តារា​សម្ដែង​ល្បីល្បាញ​មួយ​រូប​ ត្រូវ​បាន​លោក​អ៊ុក​ ​សុវណ្ណារិទ្ធ​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​កោះហៅ​ឱ្យ​​ចូលទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​ទាមទារ​ប្រាក់​របស់​អតីត​គូ​ដណ្តឹង​ដែលជា​អាណិកជន​ខ្មែរ​នៅ​អាមេរិក នៅ​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខនេះ ។​

​ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ ដីកា​កោះហៅ​បាន​បញ្ជាក់ថា​ការចូល​ខ្លួន​របស់​ចុង​ចម្លើយ​នី​មុន្នីនាថ​នាពេលនេះ​គឺ​ធ្វើ​ទៅតាម​នីតិវិធី​ដើម្បី​ត្រៀម​ការ​ទាញហេតុផល​តា​ម​បណ្តឹងទាមទារ​ប្រាក់​ពី​ដើមបណ្តឹង​។

​ពាក់ព័ន្ធ​បញ្ហា​នេះ​នី​មុន្នីនាថ​នៅ​មិនទាន់​ប្រតិកម្ម​ឬ​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ​។​ប៉ុន្តែ​នាង​ធ្លាប់​អះអាង​កន្លងមក​ថា នាង​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ ប្រសិនបើ​មាន​ដីកា​កោះហៅ​ពី​តុលាការ​មែន​នោះ ។​

​កាលពីពេល​ថ្មីៗ​កន្លងមក​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​នី​មុន្នីនាថ​បាន​បង្ហោះ​សារ​គួរ​ឲ្យ​ចាប់អារម្មណ៍​ថា​”​ចង់​និយាយ​ច្រើនណាស់​តាមចិត្ត​ខឹង​តាមចិត្ត​ក្ដៅ ប៉ុ​នែ្ត​ពាក្យចាស់​ពោលថា​បើ​ចង់​ឈ្នះសត្រូវ​ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​”​។​

អតីត​គូ​ដណ្តឹង​តារា​សម្តែង​នាង​នី មុន្នីនាថ លោក​អ៊ឹង សូ​ឡាង បានដាក់​ពាក្យបណ្តឹង​ដោយ​ទាមទារ​ឱ្យ​នាង​សងជំងឺចិត្ត​ដល់​ខ្លួន​ចំនួន​៥​ម៉ឺន​ដុល្លារ បន្ទាប់ពី​អ្នក​ទាំងពីរ​កាត់​ផ្តាច់កា​រ​ទាក់ទង​គ្នា ។

លោក​អ៊ឹង សូ​ឡាង​បានចាត់ទុក​នី​មុន្នីនាថ​ថា​បោក​យកប្រាក់​របស់ខ្លួន​ក្នុងពេល​ទាក់ទង​ជាមួយគ្នា​ដោយនៅ​ក្នុងនោះ​លោក​បាន​ទិញ​របស់របរ​មានតម្លៃ​មួយចំនួន​ឱ្យ​នាង តែ​ដល់ពេល​ធ្លាក់​វី​សា​ទៅ​នៅ​អាមេរិក​ជាមួយគ្នា​នោះ ត្រូវ​នាង​បដិសេធ​ទៅវិញ ។​

​ពាក្យបណ្តឹង​ដែល​ចុះហត្ថលេខា​ដោយ​មេធាវី​របស់លោក​អ៊ឹង សូ​ឡាង​កាលពី​ចុងខែ​កញ្ញា​ឲ្យ​ដឹង​ទៀតថា​”​មូលហេតុ​នៃ​ការទាមទារ​ពី​ដើមចោទ (​អ៊ឹង សូ​ឡាង​)​គឺ​ដោយសារ​ការ ដែល​បាន​ស្គាល់គ្នា និង​ស្រឡាញ់គ្នា​ជាមួយ​ចុង​ចម្លើយ (​នី មុន្នីនាថ​) នៅ​ឆ្នាំ​២០១៤ ដោយ​ព្រមព្រៀង​ដោយ​ច្បាស់លាស់​ថា នឹង​យកគ្នា​ជា​ប្តី​ប្រពន្ធ​នៅ​ថ្ងៃ​អនាគត ទើប​ដើមចោទ​បានរៀបចំ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ ដោយមាន​ឪពុកម្តាយ​ទាំងសងខាង​យ៉ាង​ត្រឹមត្រូវ​។

​នៅ​ថ្ងៃ​ភ្ជាប់ពាក្យ​ភាគី​ចុង​ចម្លើយ​បានទាមទារ​បំពាក់​ជូន​ចុង​ចម្លើយ​នូវ​គ្រឿងអលង្ការ​ដូចជា​ខ្សែ​.​ក​ពេជ្រ​,​ចិញ្ចៀនពេជ្រ​និង​ក្រវិល​ពេជ្រ​មានតម្លៃ​៣​ម៉ឺន​៧​ពាន់​ដុល្លារ​។​ម្យ៉ាងទៀត​ដោយសារ​ដើមចោទ​ជា​អាណិកជន​រស់នៅ​សហរដ្ឋអាមេរិក ដើមចោទ​ខិតខំ​ព្យាយាម​បំពេញបែបបទ​ធានា​យក​ចុង​ចម្លើយ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ។

​ប៉ុន្តែ​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៧ បន្ទាប់ពី​ចុង​ចម្លើយ​បានទទួល​វី​សា​ឲ្យ​ទៅ​អាមេរិក បែរជា​មិន​ទៅ​ថែមទាំង​លប់ចោល​ការភ្ជាប់​ពាក្យរ​វាង​ដើមចោទ​ថែម​ទៀតផង ដោយ​លើក​ហេតុផល​ថា ដើមចោទ​មិនចេះ​ប្រើពាក្យ​ផ្អែម​ជាមួយ​ចុង​ចម្លើយ ដែលជា​មូលហេតុ​មិន​ត្រឹមត្រូវ​នោះទេ​”​។​ ​

យោងតាម​ពាក្យបណ្តឹង​នេះ​របស់លោក​អ៊ឹង សូ​ឡាង បញ្ជាក់ថា លោក​បាន​ស្នើសុំ​តុលាការ​បង្គាប់​ឱ្យ​នី មុន្នីនាថ សង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ និង​ប្រាក់​សងជំងឺចិត្ត​មក​លោក​ចំនួន​៥​ម៉ឺន​ដុល្លារ​បន្ថែមទៀត ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print