ភ្នំពេញ ៖ បុរសម្នាក់បើកបរលឿនក្នុងស្ថានភាពស្រវឹង បុករះរថយន្តនិងម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរបួស នៅខណ្ឌជ្រោយចង្វារ ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ ។ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បញ្ជាក់ថា ជនបង្កនឹងត្រូវបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែធ្នូ នេះ ដើម្បីចាត់ការតាមតាមច្បាប់ ។ ករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា ជនបង្កបើកបររថយន្តលឿន ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ។
ប្រភពព័ត៌មានបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២៣៖២០ ថ្ងៃទី៣០ ខែវិច្ឆិកា នៅចំណុចមុខសាលាសង្កាត់ជ្រោយចង្វារ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ជនបង្កមានឈ្មោះ ឆាយ សុផា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិបាលីលេយ្យ២ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើករថយន្តម៉ាក LEXUS 470 ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2Q-0999 ។
ប្រភពព័ត៌មានបញ្ជាក់ថា រថយន្តបើកបរពីត្បូងទៅជើង មកដល់កន្លែងកើតហេតុបុករថយន្តមួយគ្រឿងពីក្រោយ ម៉ាក TOYOTA CAMRY ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2Q-8385 ។ បន្ទាប់មករថយន្ត LEXUS បន្តបុករះរថយន្តនិងម៉ូតូ៤គ្រឿងទៀត ព្រមទាំងបុកអ្នកថ្មើរជើងម្នាក់ឈ្មោះ សាន់ សុខន ភេទប្រុស អាយុ៣៦ឆ្នាំ ស្លាប់បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។
នគរបាល បញ្ជាក់ថា កំពុងបន្តនីតិវិធី ហើយរហូតមកពេលនេះ ពុំទាន់មានការដោះស្រាយសំណងណាមួយជាមួយនឹងក្រុមជនរងគ្រោះជាច្រើននាក់នោះទេ ៕ចេស្តា