ភ្នំពេញ៖ ព្រះចៅអធិការវត្តព្រះពុទ្ធ ឃោសាចារ្យ ហៅវត្តចិនដំដែកខាងត្បូង នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ បានផ្តល់ អំណោយជាទេយ្យទានដល់កម្លាំងប្រជាការពារខណ្ឌដូនពេញចំនួន៨០នាក់ បន្ទាប់ពីកម្លាំងទាំងនេះបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយអនាម័យ សាធារណៈ ក្នុងមូលដ្ឋានខណ្ឌនេះបានល្អ ។
ពិធីចែកអំណោយទេយ្យទានដល់កម្លាំងប្រជាការពារខណ្ឌដូនពេញនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងព្រះគ្រូវិសុទ្ធិ សីសាចារ្យ ជឹម ជោតិ ព្រះចៅអធិការវត្ត ព្រះពិទ្ធឃោសាចារ្យ និងព្រះឃោសាវិសុទ្ធិ ទួត ម៉េងឈុន គ្រូសូត្រស្តាំ និងព្រះរតន វិសុទ្ធិវង្ស គាន សារ៉ាត់ គ្រូសូត្រឆ្វេង។
ទេយ្យទាន និងបច្ច័យ របស់ព្រះគ្រូវិ សុទ្ធិសីសាចារ្យ បានចែកជូនដល់កម្លាំង ប្រជាការចំនួន៨០នាក់ ដោយក្នុងម្នាក់ៗ ទទួលបាលថវិកាចំនួន ២០,០០០រៀល អង្ករចំនួន២០គីឡូក្រាម និងសម្ភារបរិភោគ មួយកញ្ចប់ផងដែរ។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូន ពេញបានថ្លែងអំណរព្រះគុណដល់ព្រះ គ្រូចៅ អធិការវត្តវត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តចិនដំដែកខាងត្បូង ដែលបាន យកព្រះទ័យ និងផ្តល់នូវអំណោយទេយ្យទានដល់កម្លាំងប្រជាការពារខណ្ឌ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រមួយចំណែកផងដែរ ថ្វីបើទេយ្យទានទាំងនេះមានតិច តួចក្តី ។
លោកអភិបាលខណ្ឌបញ្ជាក់ថា ខណ្ឌដូនពេញជាខណ្ឌបេក្ខភាពប្រឡងប្រណាំង ទីក្រុងស្អាតលើកទី២ និងបេក្ខភាពទីក្រុងស្អាតអាស៊ាននាពេលខាងមុខផងដែរ ដូច្នេះលោកបានដាក់ផែនការ ដល់កម្លាំង ប្រជាការពារខណ្ឌ ក្នុងការអនុវត្តការងារ រៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ របៀប រៀបរយ និងអនាម័យ ជាផែនការចម្បង បំផុត ដើម្បីបម្រើផលប្រយោជន៍ និងសុខ ភាពសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេស ដើម្បីសម្រេចបាននូវបេក្ខភាពជ័យលាភីនាពេលខាងមុខជាមួយបណ្តាខណ្ឌនានា៕ ស តារា