ភ្នំពេញ៖ រថយន្តមិនចាំម៉ាកមួយគ្រឿង បានបើកបុកម៉ូតូស៊ុយសាគីស្មាស់រ៉េវ៉ូ យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុមួយរំពេច រួចហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើស្ពាន៧មករា តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍បានឲ្យដឹងថា សពជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ខាងលើនេះ មានឈ្មោះ ហេង សារ៉ុត ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងកំណប់ ឃុំដំបូងខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត បានជិះម៉ូតូម៉ាក ស៊ុយសាគីស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A-4071 ហើយក៏ត្រូវរថយន្តមិនស្គាល់ម៉ាក បើកបុកពេញទំហឹង បណ្តាលឲ្យស្លាប់ រួចរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល បន្សល់ទុកជនរងគ្រោះនិងម៉ូតូនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងម៉ូតូជនរងគ្រោះយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។ ដោយឡែកសាកសពជនរងគ្រោះសមត្ថកិច្ចមូលដ្ឋានបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ដោយ៖ ភារ៉ា ដង្កោ