រថភ្លើងបានបុកពេញទំហឹងទៅលើរថយន្តដឹកសិស្សសាលានៅតំបន់ភាគខាងត្បូងប្រទេសបារាំង បណ្តាលឲ្យសិស្ស ៤នាក់ស្លាប់និងជាង២០នាក់រងរបួស ។ សិស្សរង្គ្រោះមានអាយុចាប់ពី១៣ដល់ ១៧ឆ្នា ក្នុងនោះមាន ៩នាក់ស្ថិតនៅក្នុងសភាពសង្គ្រោះបន្ទាន់។ អ្នកបើកបររថយន្តដឹកសិស្សគឺជាស្រីមានអាយុ៤៨ឆ្នាំ រងរបួសធ្ងន់សង្គ្រោះបន្ទាន់។មន្ត្រីរដ្ឋាភិបាលបារាំងបានចាត់ទុកនេះជាគ្រោះថ្នាក់ផ្លូវដែកដ៏ធ្ងន់បំផុត។
ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង១៦និង៣០នាទីរសៀលថ្ងៃទី១៤ខែធ្នូ នៅចម្ងាយពីទីក្រុង Perpignan ភាគខាងត្បូងប្រទេសបារាំង ប្រមាណ២០គីឡូម៉ែត្រ ។រថយន្តរង្គ្រោះដឹកសិស្សពីសាលាទៅផ្ទះ។
លោក Robert Olive មន្ត្រីក្នុងស្រុក Saint Feliu A’Amont ដែលមានសិស្សរង្គ្រោះបានឲ្យដឹងថា«ខ្ញុំមិនច្បាស់ថារឿងរ៉ាវកើតឡើងបែបណានោះឡើយ ធ្វើឲ្យរថយន្តដឹកសិស្សត្រូវរថភ្លើងបុកកាត់ផ្តាច់ជាពីរកំណាត់ ធ្វើឲ្យមនុស្សជាច្រើនតក់ស្លុតយ៉ាងខ្លាំង»។អ្នកនាំពាក្យក្រុមហ៊ុនផ្លូវដែកបារាំងបានឲ្យដឹងថានៅពេលគ្រោះថ្នាក់កើតឡើង រថភ្លើងបើកបរក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ។នៅពេលគ្រោះថា្នក់នៅលើរថភ្លើងមានអ្នកដំណើរ២៥នាក់ ក្នុងនោះមាន៣នាក់រងរបួសស្រាល។
អ្នកនាំពាក្យក្រុមហ៊ុនផ្លូវដែកបានបញ្ចាក់ថា«តំបន់រង្គ្រោះគឺឆ្លងកាត់ផ្លូវរថយន្តធម្មតា ដែលមានប្រព័ន្ធ ប្រកាសអាសន្នគ្រប់គ្រាន់ ។សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា របាំងបិទផ្លូវពេលរថភ្លើង មកដល់ ក៏បានដាក់ចុះផងដែរ មិនដឹងយ៉ាងម៉េចទើបរថយន្តបើកឆ្លងបាន ។បើទោះបីយ៉ាងណា យើងនៅតែបើកការស្រាវជ្រាវពីហេតុការខាងលើ។
ចំណែករដ្ឋមន្ត្រីក្រសួងចរាចរណ៍បារាំងបានចាត់ទុកនេះជាសោកនាដកម្ម ហើយនឹងបើកការស្រាវជ្រាវឲ្យបានច្បាស់។ ពេលគ្រោះថ្នាក់ ក្រុមជួយសង្គ្រោះប្រមាណ ៩៥នាក់ រថយន្តដឹកអ្នករបួស១០គ្រឿងនិងឧទ្ធម្ភាគចក្រ ៤គ្រឿងបានបញ្ចូនទៅកាន់កន្លែងកើតហេតុ ។
នេះជាហេតុការគ្រោះថ្នាក់ទ្រងទ្រាយធំបំផុត ពាក់ព័ន្ធនិងមធ្យោបាយដឹកសិស្ស បន្ទាប់ពីគ្រោះថ្នាក់កាលពីឆ្នាំ១៩៨២ ពេលនោះរថយន្តក្រុងដឹកសិស្សទៅលម្ហែកាយ ស្រាប់តែឆាប់ឆេះបណ្តាលឲ្យសិស្ស៥៣នាក់ស្លាប់ ក្នុងនោះ៤៤នាក់ជាកុមារ។
កាលពីឆ្នាំ២០១៦ មានករណីប៉ះទង្គិចរវាងរថភ្លើងនិងរថយន្តដល់ទៅ១១១ករណីនៅផ្លូវឆ្លងកាត់រវាងរថភ្លើងនិងរថយន្ត បណ្តាលឲ្យមនុស្ស ៣១នាក់ស្លាប់ ភាគច្រើនបណ្តាលមកពីកំហុសអ្នកបើកបរ៕ ម៉ែវ សាធី