ប្រទេសថៃ ៖ សមត្ថកិច្ចថៃឃាត់ខ្លួនពលករខ្មែរចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់ ។ ការឃាត់ខ្លួននេះបានធ្វេីឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ ខណៈដែលពួកគេទាំង៥នាក់ កំពុងចេញពីរន្ធក្រោមដីមួយកន្លែងដេីម្បីឆ្លងដែនដោយខុសច្បាប់តាមរយៈមេខ្យល់ ។
ប្រតិបត្តិការនេះធ្វើឡើងដោយកំលាំងអន្តោប្រវេសន៍ និងកំលាំងតម្រួតថៃ ប្រចាំតំបន់ ខ្លងលឹកស្រុកអារញ្ញ័ខេត្តស្រះកែវ បានចុះទៅកាន់ចំណុចរបងថ្មមួយកន្លែងដែលបានសាងសង់ឡើងជាប់នឹង មាត់អូរព្រំដែនកម្ពុជា នៅទិសខាងត្បូងនៃទីលានផ្ញើរថយន្តរបស់ក្រុមហ៊ុន ហ្គោលដិនកេត ស្ថិតក្នុងឃុំអារញ្ញ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។
ទំហំរន្ធក្រោមដីនេះ មានទំហំ ០,៥០ម៉ែត្រ សម្រាប់ឆ្លងចេញចូលពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ តាមក្រោមរបងថ្មនៃខ្សែបន្ទាត់ព្រំដែន ដោយឃើញបែបនេះ កំលាំងបានអង្គុយចាំឃ្លាំមើលមួយសន្ទុះ ក៏បានឃើញពលករខ្មែរចំនួន៥នាក់បានលូនចេញពីរន្ធបន្តបន្ទាប់ ទើបកំលាំងតម្រួតថៃ ឃាត់ខ្លួនដោយបានចាប់ទាញចេញពីរន្ធ ព្រមទាំងបានសាកសួរបឋមគឺពលករខ្មែរទាំងនោះបានសារភាពថា រូង ក្រោមដីនេះ គឺជាស្នាដៃរបស់ក្រុមមេខ្យល់ សម្រាប់អោយពលករខ្មែរលូនឆ្លងចូល ទៅធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសថៃ ដោយបង់អោយពួកគេក្នុងម្នាក់៧០០បាត ។
បច្ចុប្បន្នក្រុមតម្រួតថៃបាននាំខ្លួនជនទាំង៥នាក់ ទៅកាន់ស្នងការដ្ឋានខេត្តស្រះកែវជាបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរបន្ត រកមុខសញ្ញាមេក្លោងធំ ដែលនៅពីក្រោយខ្នង ក្នុងរឿងនេះ ៕ វណ្ណា