ភ្នំពេញ ៖ ចាត់ទុកជាកាដូចុងឆ្នាំ២០១៧ ក៏ថាបានបន្ទាប់ពីគេបានកត់សម្គាល់ឃើញ ថា ក្នុងមួយយប់ថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មានករណីផ្ទុះអាវុធ យ៉ាងកក្រើកកណ្តាល រាជធានីភ្នំពេញដែល កើតឡើងដោយអំពើប្លន់ ការបង្កទំនាស់ និងស្រវឹង ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលដឹង ហេតុការណ៍បាញ់កណ្តាលរាជធានីទាំង៤ ករណីបានឲ្យដឹងថា ករណីនេះបានកើត ឡើងជាបន្តបន្ទាប់ក្នុង១យប់គឺ៖
ករណីទី១ ៖ ចោរបាញ់ប្លន់អ្នករកសុីរាប់លុយរបួសធ្ងន់២នាក់ចោរស្លាប់ម្នាក់ដោយសារប្រជាពលរដ្ឋសំពងមនុស្ស ម្នាក់ដែលគេអះអាងថា ជាជន សង្ស័យក្នុងអំពើប្លន់ត្រូវបានប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធវាយសម្លាប់មួយរំពេច ខណៈគូកនម្នាក់ទៀតរត់គេចខ្លួនបន្ទាប់ពីបាញ់ប្លន់អ្នករាប់លុយ២នាក់ប្តីប្រពន្ធ បណ្តាលឲ្យរងរបួសកាលពីព្រលប់ថ្ងៃចន្ទ ១កើត ខែបុស្ស នព្វស័ក ព.ស.២៥៦១ ត្រូវនឹងទី១៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងភូមិ ចំរើនផល សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរង គ្រោះឈ្មោះ ហ៊ី គឹមហ័រ អាយុ៤៥ឆ្នាំ មុខ របររាប់លុយ (ចងការ) និងជាមេតុងទីន ស្នាក់នៅផ្ទះកើតហេតុ មានប្តីឈ្មោះ ម៊ុយ សុភី មុខរបរមន្ត្រីយោធា អាយុ៤៨ឆ្នាំ។ ពេលនោះក៏មានបុរសម្នាក់រងគ្រោះត្រូវគ្រាប់កាំភ្លើងរបស់ចោរមកពីជួយចាប់ជនល្មើសខាងលើផងដែរ។ បុរសនោះឈ្មោះ ឃាង គឹមស្រុង អាយុ៣១ឆ្នាំ មុខរបរជួល និង សង់រោងការបុណ្យ ។
តាមសាក្សីពីកន្លែងកើតហេតុបានឲ្យ ដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះជាអ្នកដើររាប់លុយទើបនឹងមកពីដើរប្រមូលលុយពីគេដោយជិះម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លីក។ ខណៈមកដល់ផ្ទះកំពុងអង្គុយ រាប់លុយនៅមុខផ្ទះស្រាប់តែលេចមុខ ជនសង្ស័យ២នាក់ មិនស្គាលអត្តសញ្ញាណ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥មិនស្គាល់ស្លាកលេខប្រដាប់ដោយកាំភ្លើង ខ្លីម៉ាក K59 មួយដើមមកឈប់មុខផ្ទះស្ត្រីរង គ្រោះ ហើយជនសង្ស័យម្នាក់ចុះពីលើម៉ូតូដើរសំដៅមករកស្ត្រីរងគ្រោះគំរាមយកលុយ និងបាញ់១គ្រាប់ចំកំភួនជើងឆ្វេងធ្លាយត្រូវមេជើងស្តាំរបួសធ្ងន់រួចជនសង្ស័យបាន ទាញយកកាបូបដាក់លុយជិះម៉ូតូចេញ ។
ប្រភពបានបន្តថា ភ្លាមៗនោះប្តីស្ត្រីរងគ្រោះបានដើរចេញពីផ្ទះឃើញដូច្នេះក៏បានរត់ដេញតាមពីក្រោយម៉ូតូជនសង្ស័យដោយដៃមានកាន់ដំបង ហើយស្រែកថាចោរៗ ជួយផងចោរប្លន់។ លុះជនសង្ស័យជិះផុតបានប្រហែល១០០ម៉ែត្រក៏មានបុរសរងគ្រោះម្នាក់ឈ្មោះ ឃាង គឹមស្រុង បានឮ សំឡេងស្រែកឲ្យជួយចាប់ចោរក៏បានរត់ចេញពីក្នុងផ្ទះមកលោតធាក់ជនសង្ស័យដែលជិះខាងក្រោយមានកាំភ្លើងធ្លាក់ពីលើម៉ូតូបណ្ដាលឲ្យដួល ។
ចំណែកជនសង្ស័យម្នាក់ទៀតដែលបើកម៉ូតូមិនឈប់ទេគឺបាន បន្ថែមល្បឿនគេចខ្លួនបាត់រួចបុរសរងគ្រោះ ឈ្មោះ ឃាង គឹមស្រុង ក៏បានប្រតាយប្រតប់ គ្នាជាមួយជនសង្ស័យទើបធ្វើឲ្យជនសង្ស័យបាញ់៣ទៅ៤គ្រាប់ត្រូវចំភ្លៅខាងឆ្វេងបុរសឈ្មោះ ឃាង គឹមស្រុង មួយគ្រាប់បណ្ដាល ឲ្យរបួសធ្ងន់។ ភ្លាមៗនោះក៏មានប្រជា ពលរដ្ឋចេញមកជាច្រើននាក់នាំគ្នាចាប់បានកាំភ្លើងរបស់ជនសង្ស័យក្រវៀសចោលនាំគ្នាសំពងខ្លះយកដំថ្មធំៗវាយចំក្បាលបែកហូរឈាមរហូតដាច់ខ្យល់ស្លាប់នៅនឹង កន្លែងតែម្ដង ។
ករណីទី២ ៖ លោកមេធាវីស្រវឹង ខ្លាំងបាញ់២គ្រាប់របួសជើងជំនួយការនៅក្បែរផ្ទះអគ្គស្នងការនគរ បាលជាតិរួចហើយបោះសម្ដីថា ចង់បាញ់១០គ្រាប់ទៀតក៏គ្មានបញ្ហាដែរបុរសចិត្តសឿងម្នាក់បានដកកាំភ្លើងខ្លី បាញ់បោះសេរីនៅក្បែរផ្ទះលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរ បាលជាតិចំនួន២គ្រាប់ ហើយហ៊ានបោះ សម្ដីដាក់សមត្ថកិច្ចថា ចង់អញបាញ់១០គ្រាប់ក៏គ្មានបញ្ហាដែរ ។
ហេតុការណ៍បាញ់បោះសេរីកណ្ដាល រាជធានីភ្នំពេញខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១០និង១០នាទីយប់ថ្ងៃចន្ទ ១កើត ខែបុស្ស នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ នៅក្បែរផ្ទះនាយឧត្តម សេនីយ៍ នេត សាវឿន អគ្គស្នងការនគរ បាលជាតិតាមបណ្ដោយផ្លូវព្រះមុនីរ៉េត (២១៧) ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យ ដឹងថា នៅមុនពេលកើតហេតុមានបុរស ម្នាក់បានបើករថយន្តម៉ាកឡិចស៊ីសLX ៤៧០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-8254 មកឈប់នៅក្បែរផ្ទះនាយឧត្តម សេនីយ៍អគ្គស្នងការនគរបាលជាតិហើយមិនដឹងរឿងអ្វីស្រាប់តែដកកាំភ្លើងខ្លីម៉ាឡុក ពីក្នុងរថយន្តបាញ់បណ្តាលឲ្យត្រូវជនរងគ្រោះម្នាក់រហស្សនាម កក្កដា ជាជំនួយការរបស់ខ្លួនរងរបួសជើងស្តាំ គ្រាដែលលោកមេធាវីរូបនេះរួមដំណើរជាមួយមមកពីសុីការគេហើយលោកមេធាវីបបួលជំនួយការនោះ(កក្កដា)ទៅផឹកសុីបន្តទៀតតែជនរងគ្រោះមិនព្រមទៅ។ ភ្លាមៗនោះកម្លាំង សមត្ថកិច្ចនគរបាលមូលដ្ឋានដែលឈរ ជើងនៅក្បែរនោះក៏ចេញទៅធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្ដង ។
ប្រភពដដែលបានបន្តថា មុនពេលសមត្ថ កិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាជនសង្ស័យដែលជាមេធាវីរូបនេះ បានបោះសម្ដីមិនសមរម្យដាក់សមត្ថកិច្ចដោយពោលថា «អញបាញ់២គ្រាប់លេង មានទាស់អី? អញចង់បាញ់១០គ្រាប់ទៀត ក៏គ្មានបញ្ហាដែរ»។ បើទោះជាជននេះអះអាង ឬសម្ញែងឫកធំឬអាងខ្នងយ៉ាងណាក៏ដោយចុះកម្លាំងសមត្ថកិច្ចនៅតែឃាត់ខ្លួន និង រថយន្តមួយគ្រឿង ព្រមទាំងដកហូតបានកាំភ្លើងខ្លីម៉ាកឡុក ពណ៌ខ្មៅ១ដើមដើម្បីយកទៅសួរនាំនៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករាដែលនៅមិនឆ្ងាយពីទីតាំង កើតហេតុ។
បើតាមប្រភព័ត៌មានក្រៅផ្លូវការបានឲ្យ ដឹងថា ជនសង្ស័យជាមេធាវីឈ្មោះ សី ដែលមុនពេលកើតហេតុរូបគាត់ស្រវឹងខ្លាំង បន្ទាប់ចេញពីកម្មវិធីមង្គលការកូនមិត្តភក្តិ ។
ករណីទី៣ ៖ យុវជន២នាក់ដេញ វាយបុរសម្នាក់ទ្រាំលែងរត់ទៅ យកកាំភ្លើងអាកាពីមន្ត្រីនគរបាលយាមប្រចាំការនៅមុខស្ថានទូតតែបាញ់មិនចេញបុរសម្នាក់ដោយទ្រាំលែងបាននឹងគូ បដិបក្ខដេញវាយក៏សម្រេចចិត្តរត់ទៅយកកាំភ្លើងអាកាពីមន្ត្រីនគរបាលម្នាក់ដែល កំពុងអង្គុយយាមប្រចាំការនៅមុខស្ថានទូតវៀតណាមបម្រុងបាញ់តបគូទំនាស់តែ បាញ់មិនផ្ទុះបន្ទាប់ពីខឹងយុវជន២នាក់ ដែលទាញខ្សែក្រវាត់វាយខ្លួនបណ្តាលឲ្យបែកក្បាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ១៨ ខែធ្នូ ឆ្នាំ២០១៧ នៅមុខស្ថានទូតវៀត ណាម ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជ ធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមានយុវជន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥បានដេញវាយបុរសម្នាក់តាមផ្លូវព្រះមុនីវង្សរហូតបែកក្បាលដោយមិនដឹងមូលហេតុអ្វីនោះទេ។ ខណៈពួកគេជិះម៉ូតូមកដល់ចំណុចមុខស្ថានទូតវៀតណាមជនរងគ្រោះបានឈប់ម៉ូតូដើម្បីរត់ទៅឲ្យមន្ត្រីនគរបាលយាមនៅមុខស្ថានទូតនោះជួយ។ ប៉ុន្តែពេលនោះយុវជនទាំង២នាក់នោះនៅតែព្យាយាមវាយមកលើរូបខ្លួនទៀត។ ដោយទ្រាំលែងបានជនរងគ្រោះ ក៏រត់ទៅទាញកាំភ្លើងអាកាពីមន្ត្រីនគរបាលដែលយាមក្នុងប៉ុស្តិ៍នៅមុខស្ថានទូតវៀតណាមនោះបម្រុងបាញ់សំដៅយុវជន២នាក់ដែលតាមវាយខ្លួនតែកាំភ្លើងជាប់សោបាញ់មិនចេញធ្វើឲ្យយុវជនទាំង២នាក់ភ័យរត់គេចខ្លួនបាត់តែមង្ត ។
ករណីទី៤ ៖ ទំនាស់ក្នុងក្លិបនិងបើកម៉ូតូមិនឲ្យរថយន្តជែងបាញ់ស្លាប់ម្នាក់ ករណីបាញ់នេះបណ្តាលឲ្យយុវជន ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈជិះម៉ូតូចេញពីរាំកម្សាន្តក្នុងក្លិបប្លូឡាញតាមបណ្តោយផ្លូវលេខ២៧១ ហើយត្រូវខ្មាន់កាំភ្លើងមិនស្គាល់មុខដេញតាមបាញ់ប្រហារកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺនៅថ្ងៃអង្គារ ២កើត ខែ បុស្ស នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៧ នៅលើស្ពានអាកាស ស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌ ចំកាមន រាជធានីភ្នំពេញ ។
តាមសម្ដីអ្នកដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកឌូក ពណ៌ខ្មៅលាយស ពាក់ស្លាក លេខភ្នំពេញ1GP-9640 ធ្វើដំណោះរតាម បណ្ដោយផ្លូវលេខ ២៧១ ក្នុងទិសដៅពី ត្បូងទៅជើង។ ពេលជិះជិតដល់កន្លែងកើត ហេតុក៏មានរថយន្ដ១គ្រឿងម៉ាករេហ្វ័រ ពណ៌ស មិនចាំស្លាកលេខបើកមកពីក្រោយ និងសុីប្លេឲ្យជនរងគ្រោះជៀសតែជនរងគ្រោះមិនជៀស ហើយពេលរថយន្តនោះជែងបានបន្តិចអ្នកជិះក្នុងរថយន្តបានបើកកញ្ចាក់រថយន្តបាញ់១គ្រាប់សំដៅជនរងគ្រោះចំកស្លាប់ភ្លាមៗរួចហើយក្រុមជន សង្ស័យក៏បើករថយន្តគេចខ្លួនបាត់ ។
តាមសម្តីមិត្តភក្តិជនរងគ្រោះបានឲ្យ ដឹងថា នៅមុនពេលកើតហេតុរូបគេនិងជនរងគ្រោះបាននាំគ្នាចូលផឹកសុីរាំកម្សាន្តនៅក្នុងក្លិបប្លូឡាញ។ ខណៈកំពុងផឹកសុី សប្បាយស្រាប់តែទាស់សម្តីគ្នាជាមួយ ភាគីម្ខាងទៀតតែមិនបង្កហឹង្សានោះទេ ។
សាក្សីដដែលបានបន្តថា បន្ទាប់មកជនរងគ្រោះក៏ចេញមកផ្ទះដោយជិះម៉ូតូម្នាក់ ឯង។ ភ្លាមៗនោះស្រាប់តែមានប្រជាពល រដ្ឋបានទូរស័ព្ទប្រាប់រូបគាត់ថា មានគេ ដេញបាញ់មិត្តភក្តិរបស់គាត់។ ពេលឮដូចនោះរូបគាត់ក៏ជិះម៉ូតូតាមមកពីក្រោយរហូតមកដល់លើស្ពានអាកាសស្ទឹងមានជ័យស្រាប់តែឃើញមិត្តភក្តិគាត់ត្រូវបានគេ បាញ់ស្លាប់បាត់ទៅហើយទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្តង ៕ ស រស្មី + ភារ៉ា ដង្កោ