ភ្នំពេញ ៖ បុរសម្នាក់ចូលទៅនៅក្នុងផ្ទះម៉ាស្សាកោសជប់មួយកន្លែងយីហោ «ម៉ាស្សាកោសជប់តម្លៃ៣ដុល្លារ» ស្រាប់តែបាត់លុយអស់ចំនួន៤៥០ដុល្លារ ហើយបានមកវិញលុយដុល្លារសែនខ្មោចចំនួន២៥០ដុល្លារ ទើបរត់ទៅប្តឹងសមត្ថកិច្ចកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
តាមសាក្សីនៅកន្លែងកើតបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសម្នាក់បានចូលទៅកោសជប់នៅក្នុងហាងនោះដោយពេលទៅដល់បានដោះសម្លៀកបំពាក់ទុកនៅក្នុងហាង ដោយមិនបានដឹងថា ក្នុងហាងនោះគេបានធ្វើច្រកសម្ងាត់មួយ សម្រាប់ចូលទៅលួចលុយរបស់ខ្លួនឡើយ ។ មិនតែប៉ុណ្ណោះនៅក្នុងហោប៉ៅខោគាត់មានលុយចំនួន៤៥០ដុល្លារ លុះក្រោយពេលកោសជប់រួចមើលលុយស្រាប់តែបាត់អស់ ហើយស្រាប់តែឃើញមានលុយដុល្លារសម្រាប់សែនខ្មោចចំនួន២៥០ដុល្លារទៅវិញ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីមានរឿងបែបនេះបុរសនោះបានទៅប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅ៣ឲ្យជួយអន្តរាគមន៏៍ ហើយពេលទៅដល់មុនដំបូងស្ត្រីជើងល្អរួមជាមួយបក្ខពួក និងថៅកែហាងមិនបានទទួលដឹងឮទេ ប៉ុន្តែជនរងគ្រោះប្រុងដាក់ពាក្យបណ្ដឹងឲ្យនគរបាលចាត់ការតាមច្បាប់ ទើបក្រោយមកយល់ព្រមទទួលកំហុស ប៉ុន្តែយកលុយឲ្យជនរងគ្រោះវិញបានត្រឹមតែ៣០០ដុល្លារតែប៉ុណ្ណោះ បាត់អស់១៥០ដុល្លារទៀតមិនព្រមឲ្យឡើយ ។ ពេលនោះដោយសារខ្ជិលមានរឿងវែងឆ្ងាយតទៅទៀត ទើបជនរងគ្រោះព្រមយក៣០០ដុល្លារនោះវិញ បញ្ចប់រឿង ហើយចាកចេញទៅផ្ទះបាត់ស្រមោល ចំណែកនគរបាលមិនបានចាប់ខ្លួនស្ត្រីដែលជាចោរនោះ នាំទៅចាត់ការតាមច្បាប់ទេ ក៏បានវិលត្រឡប់មកប៉ុស្ដិ៍វិញដែរ មិនបានឃាត់ខ្លួនស្ត្រីជើងល្អនោះឡើយ ។
ប្រភពខាងលើបានបន្តថា នៅក្នុងទីតាំងម៉ាស្សាមួយនេះ គេបានធ្វើច្រកសម្ងាត់មួយសម្រាប់ចូលទៅលួចលុយ ពេលភ្ញៀវដោះសម្លៀកបំពាក់ទុក ហើយរវល់តែម៉ាស្សាមិនដឹងខ្លួននោះ ចំណែកភ្ញៀវដែលចូលទៅមិនបានដឹងថា ក្នុងនោះមានច្រកសម្ងាត់ឡើយ លុះក្រោយពេលម៉ាស្សារួចបាត់លុយទើបមានការភ្ញាក់ផ្អើល ។ មិនតែប៉ុណ្ណោះករណីបែបនេះមិនមែនទើបតែកើតឡើងជាលើកទី១ប៉ុណ្ណោះទេ វាបានកើតឡើងច្រំដែលៗរាប់ដងមិនអស់មកហើយ ប៉ុន្តែខាងអាជ្ញាធរ និងសមត្ថកិច្ចហាក់ធ្វើអ្វីក្រុមនេះមិនបានទាល់តែសោះ ដោយសារតែបែបនេះហើយ ទើបពួកគេទាំងនោះនៅតែប្រព្រឹត្តទង្វើដដែលមិនឈប់ ហើយមានអ្នករងគ្រោះជាបន្តបន្ទាប់បែបនេះ ៕ សុខាសែនជ័យ