ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលចេញសែកគ្មានសាច់ប្រាក់ចំនួន៧ម៉ឺនដុល្លារ ត្រូវបានលោក លី លិបម៉េង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ នេះ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារពីរឆ្នាំ៦ខែពីបទ”ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ចំនួន៧ម៉ឺនដុល្លារ”។
ក្នុងនោះ តុលាការបង្គាប់ឱ្យស្ត្រីជាប់ចោទ សងសំណងជំងឺចិត្តដល់ដើមបណ្តឹងចំនួន២០លានរៀល និងពិន័យជាប្រាក់ចំនួនពីរលានរៀលផងដែរ។
ជនជាប់ចោទឈ្មោះ ធូ ប៊ុនច័ន្ទតារា អាយុ៤៥ឆ្នាំ មានទីលំនៅមុនពេលចាប់ខ្លួនផ្ទះលេខ១១បេ បុរីប៉េងហួត ផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
នៅក្នុងសវនាការកន្លងទៅ ជនជាប់ចោទសារភាពថា នៅអំឡុងខែតុលា ឆ្នាំ២០១៤ ខ្លួនបានទទួលទិញដីមួយកន្លែងពីឈ្មោះ ឆយ លក្ខិណា ភេទស្រី ក្នុងតម្លៃ២៧មុឺនដុល្លារ ដោយខ្លួនបានប្រគល់ប្រាក់សុទ្ធមុនចំនួន២០មុឺនដុល្លារ នៅសល់៧មុឺនដុល្លារទៀត។
ឈ្មោឆយ លក្ខិណា បានឱ្យខ្លួនចេញសែកដើម្បីទុកតម្កល់ ។ប៉ុន្តែសែកនោះមិនមានប្រាក់ទេ ។ លុះក្រោយមកស្រាប់តែឈ្មោះឆយ លក្ខណា យកសែកដែលខ្លួនចេញទុកតម្កល់នោះមកប្ដឹងតែម្ដង ។
គួរបញ្ជាក់ថា ស្ត្រីឈ្មោះ ធូ ប៊ុនច័ន្ធតារា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ឃុំខ្លួនលេខ០៣ ដកឧ២០១៥ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ចេញដោយលោក ឃុន លាងម៉េង ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍៕ ចេស្តា
...