ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ សិស្សានុសិស្ស នៅតាមអង្គការ និងតាមសាលានានា ចំនួន២៤រូប បានបញ្ចប់ការសិក្សា រយៈ២ឆ្នាំ ពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា តាមរយៈកម្មវិធី អាហាររូបករណ៍ខ្នាតតូចផ្នែកភាសារ អង់គ្លេស នៅសាលា American Education Center ដោយមានការចូលរួមពីលោក វីលៀម ហៃដ៍ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោក វីលៀម ហៃដ៍ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ស្ថានទូតសហរដ្ឋអាមេរិកមានមោទនភាព ដែលបានជួយឧបត្ថម្ភ ដល់កម្មវិធីអាហាររូបករណ៍ខ្នាតតូចផ្នែកភាសារ អង់គ្លេស រយៈពេល២ឆ្នាំ ដែលជាកម្មវិធីមួយជួយដល់យុវជនកម្ពុជា បានសិក្សាភាសារអង់គ្លេស។ បើគិតចាប់តាំងពីឆ្នាំ២០០៤ មានសិស្សកម្ពុជា លើសពី១២០០នាក់ ដែលបានសិក្សា ភាសារអង់គ្លេស តាមរយៈកម្មវិធីនេះ។
លោកឯកអគ្គរដ្ឋទូត បន្តថា ការតាំងចិត្តរៀនភាសារអង់គ្លេសរបស់អ្នកទាំងអស់គ្នា នឹងជួយអោយអ្នកសម្រេចនូវគោលដៅ ជាច្រើនទៀត ពេលយើងបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ នេះជាការជួយ ក្នុងការអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា។ ថ្ងៃនេះ មានសិស្ស បានបញ្ចប់ការសិក្សារបស់ខ្លួន ចំនួន២៤រូប ដែលពួកគេមកពី អង្គការភាពញញឹមនៃកុមារ សាលា ជា ស៊ីម សាមគ្គី និងមកពីសាលាផ្សេងៗទៀត។
លោកស្រី ម៉ូនីកា ដាវីស មន្រ្តីទទួលបន្ទុកផ្នែកកិច្ចការវប្បធម៌ បានអោយដឹងថា កម្មវិធី សិក្សាអាហាររូបករណ៍រយៈពេល២ឆ្នាំ សម្រាប់សិស្សម្នាក់ៗ ហើយកម្មវិធីនេះចាប់ផ្តើមតាំងពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ន មានកម្ពុជា ប្រមាណ ១២៦៣ នាក់ ដែលភាគច្រើន ពួកគេជាសិស្សនៅតាម អង្គការ សិស្សទីទាល់ក្រ និងសិស្សតាមសាលាផ្សេងៗ ដោយចំណាយថវិកា អស់ប្រមាណជា ១,២លានដុល្លារ។
លោកស្រីបន្ថែមថា គោលបំណងដែលសហរដ្ឋអាមេរិក បង្កើតកម្មវិធីនេះឡើង គឺចង់ជួយដល់ ក្រុមកុមារ តាមអង្គការ កុមារខ្វះលទ្ធភាព ក្នុងការចូលរៀន ដើម្បីអោយពួកគេ បានចេះភាសារអង់គ្លេស អោយពួកគេ អាចរស់នៅចុះក្នុងសង្គម អាចធ្វើការប្រកួតប្រជែង ក្នុងមុខជំនួញណាមួយ ក្នុងពេលអនាគត។
លោកបញ្ជាក់ទៀតថា តាមរយៈកម្មវិធីនេះ គឺអាចជួយបង្កើន ចំណេះផ្នែកភាសារអង់គ្លេស ដែលអាចជួយអោយពួក គេមានលទ្ធភាព ចូលរួមនៅក្នុងសង្គម ដែលក្នុងសម័យបច្ចុប្បន្ន ប្រកបដោយភាពទំនើប។ បន្ទាប់ពីកម្មវិធីនេះ ត្រូវបានបញ្ចប់ គោលដៅ ដែលត្រូវបន្តទៀត គឺយើងឆ្ពោះទៅកាន់ខេត្តចំនួន៣ គឺ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង និង ខេត្តបាត់ដំបង ៕ ស តារា