ភ្នំពេញ ៖ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដឹកនាំដោយលោក ឆាយ ថូនី អនុប្រធានសាខាទទួលការិយាល័យប្រមូលចំណូល និងទីផ្សារ បានសហការជាមួយមន្រ្ដីនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល មន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញនិងមន្រ្តីតំណាងផ្សារទឹកថ្លាចុះត្រួតពិនិត្យផលិតផលចំណីអាហារ សាច់ បន្លែ ផ្លែឈើ ប្រហិតនិងគ្រឿងសមុទ្ររកឃើញមានសារធាតុគីមីនៅក្នុងមឹកបំពង់។
ការចុះត្រួតពិនិត្យនេះធ្វើឡើងកាលពីព្រឹក ថ្ងៃច័ន្ទ ១៤ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោក ឆាយ ថូនី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទៅលើផលិតផល ចំណីអាហាររួមមាន បន្លែ សាច់គោ សាច់ក្រក ប្រហិត បង្គា ក្តាម មឹក និង ផ្លែឈើគ្រប់ប្រភេទចំនួន៣៩មុខ ហើយបានយកគំរូ មកធ្វើការវិភាគនៅបន្ទប់ពិសោធន៍ចល័ត តាមរថយន្តចល័ត ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។
ជាលទ្ឋផលរកឃើញសារធាតុគីមីហាមឃាត់ ហ្វ័រម៉ាលីន(formalin) មានដាក់នៅក្នុងមឹកបំពង់ ហើយសមត្ថកិច្ចបាន ដកហូតទម្ងន់៤កីឡក្រាមធ្វើការនិងបានណែនាំឲ្យធ្វើកិច្ចសន្យាជាមួយអ្នកលក់ ដោយអោយបញ្ឈប់ការប្រើប្រាស់សារធាតុគីមី(formalin)នេះតទៅទៀត ។
លោកអនុប្រធាន បានណែនាំដល់អ្នក់លក់ និងអ្នកទិញត្រូវដឹងពីអត្តសញ្ញាណ ប្រភពអាសយដ្ឋានរបស់អ្នកដែល យកមកលក់ឲ្យខ្លួន ឬធ្វើវិក្កយបត្រ ទូទាត់ឲ្យបានត្រឹមត្រូវ ជាព័ត៌មាន ដើម្បីបង្ករលក្ខណៈងាយស្រួល ដល់សមត្ថកិច្ចកាំកុងត្រូលក្នុងការចុះស្រាវជ្រាវ និងតាមដាន ដើម្បីមានវិធានការ ទៅតាមច្បាប់ ចំពោះអ្នកលក់ ឬអ្នកចែកចាយផលិតផលនេះ។
ក្នុងពេលចុះត្រួតពិនិត្យគុណភាពទំនិញនោះលោក ឆាយ ថូនី លោកបានអប់រំ និងអំពាវនាវ ដល់អាជីវករអ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណាដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕ តុង សីហា