សង្គ្រាមនៅយេមែនបានសម្លាប់កុមារជាង៥.០០០នាក់

ចែករំលែក៖

សង្គ្រាមស៊ីវិលនៅក្នុងប្រទេសយេមែនអូសបន្លាយជាច្រើនឆ្នាំកន្លងមក បានធ្វើឲ្យពលរដ្ឋនៅក្នុងប្រទេសនេះ រងផលប៉ះពាល់យ៉ាងខ្លាំង ពិសេសគឺស្ត្រី និងកុមារ ដែលជាអ្នករងគ្រោះដោយផ្ទាល់នៅក្នុងសង្គ្រាមនោះ។

តាមរបាយការណ៍របស់អង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិហៅកាត់ថា យូនីសេហ្វ បានឲ្យដឹងថា កុមារជាង៥.០០០នាក់បានស្លាប់ និងរងរបួសធ្ងន់ ដោយសារសង្គ្រាមក្នុងប្រទេសយេមែន ព្រមទំាងបានអំពាវនាវដល់សហគមន៍អន្តរជាតិ ធ្វើការដើម្បីការពារកុមារ និងបញ្ចប់សង្គ្រាមក្នុងប្រទេសនេះឲ្យបានឆាប់ៗតាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន NHK ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។

អង្គការយូនីសេហ្វ បានចេញផ្សាយនូវរបាយការណ៍ពីកុមារដែលបានរងគ្រោះក្នុងប្រទេសដោយសារសង្គ្រាមដែលបានអូសបន្លាយអស់រយៈពេល៣ឆ្នាំ។ របាយការណ៍បានចង្អុលបង្ហាញថា កុមារជាង១១លាននាក់ មានន័យថាស្ទើរតែកុមារទាំងអស់ក្នុងប្រទេសនេះ កំពុងត្រូវការជំនួយជាបន្ទាន់។ ប្រភពដដែលក៏បានព្រមានផងដែរថា កុមារជាង៤០០ពាន់នាក់ អាយុក្រោម៥ឆ្នាំ កំពុងស្ថិតនៅក្នុងស្ថានភាពនៃការគំរាមកំហែងជាខ្លាំង។

មន្រ្តីអង្គការយូនីសេហ្វ បានប្រាប់អ្នកសារព័ត៌មានប្រចាំទីក្រុង Sanaa ប្រទេសយេមែនថា អង្គការនឹងបន្តផ្តល់ជំនួយផ្នែកអាហារូបត្ថម្ភអនាម័យ និងការអប់រំដល់កុមារក្នុងប្រទេសនេះ និងតំបន់ផ្សេងៗទៀត។

សង្គ្រាមស៊ីវិលនៅក្នុងប្រទេសយេមែនពិបាកឈានទៅរកទីបញ្ចប់ ដោយសារតែមានការចូលរួមពីកម្លាំងទាហានបរទេស។ ក្រុមហ៊ូធីនៅក្នុងប្រទេសយេមែន មានការគាំទ្រពីអុីរ៉ង់ ហេសបូឡាហ៍។ ចំណែកកម្លាំងទាហានស្មោះត្រង់នឹងអតីតប្រធានាធិបតីទទួលបានការគាំទ្រពីអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីនវាយប្រហារនៅទីនោះ។

ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានបញ្ជូនរបាយការណ៍មួយដែលចោទអ៊ីរ៉ង់ពីបទបានរំលោភលើទណ្ឌកម្មអន្តរជាតិស្តីពីអាវុធនៅក្នុងប្រទេសយេមែន។ តាមរបាយការណ៍ ទីក្រុងតេអេរ៉ង់បានបំពានលើទណ្ឌកម្មអន្តរជាតិអនុម័តក្នុងឆ្នាំ២០១៥ ដោយបិទភ្នែកទុកបណ្តោយឲ្យពួកឧទ្ទាមហ៊ូធីទទួលបានដ្រូន និងគ្រាប់មីស៊ីលបាលីស្ទិក។

នៅក្នុងរបាយការណ៍កម្រាស់៧៩ទំព័រផ្ញើទៅឲ្យក្រុមប្រឹក្សាសន្តិសុខ ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិដែលមានភារកិច្ចជាអ្នកឃ្លាំមើលការអនុវត្តទណ្ឌកម្មបានរកឃើញអត្តសញ្ញាណនៃបំណែកគ្រាប់មីស៊ីលដែលមានជាប់ពាក់ព័ន្ធនឹងគ្រឿងបរិក្ខារយោធា និងដ្រូនមានប្រភពពីប្រទេសអ៊ីរ៉ង់។ តាមក្រុមអ្នកជំនាញដដែលគ្រឿងបរិក្ខារយោធា និងដ្រូនទាំងអស់នោះបាននាំចូលប្រទេសយេមែន ក្រោយពីក្រុមប្រឹក្សាសន្តិសុខបានអនុម័តលើទណ្ឌកម្មហាមនាំអាវុធចូលយេមែនក្នុងឆ្នាំ២០១៥។

នៅត្រង់ចំណុចនេះ ក្រុមអ្នកជំនាញបានចោទអ៊ីរ៉ង់ត្រង់ៗពីបទបានបិទភ្នែកដោយទុកបណ្តោយឲ្យក្រុមឧទ្ទាមហ៊ូធីទទួលបានដ្រូន និងគ្រាប់មីស៊ីលបាលីស្ទិកក្នុងគោលដៅវាយប្រហារលើប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលជាគូប្រជែងស៊ីសាច់ហុតឈាមរបស់អ៊ីរ៉ង់នៅក្នុងតំបន់។

ក្រុមអ្នកជំនាញដដែលបានបញ្ជាក់ថា ធ្លាប់បានសុំអ៊ីរ៉ង់ឲ្យបំភ្លឺលើព័ត៌មានទាំងអស់ តែរដ្ឋអំណាចទីក្រុងតេអេរ៉ង់មិនបានផ្តល់ការពន្យល់ឲ្យបានច្បាស់លាស់ទេ។ ម្យ៉ាងទៀត ទីក្រុងតេអេរ៉ង់ក៏មិនបានចាត់វិធានការចាំបាច់ក្នុងការលក់ ឬការបញ្ជូនគ្រាប់មីស៊ីលទៅពួកឧទ្ទាមហ៊ូធីដែរ។

យ៉ាងណាក៏ដោយ របាយការណ៍របស់ក្រុមអ្នកជំនាញបានបញ្ជាក់បន្ថែមលើព័ត៌មានរបស់អាមេរិកនាដំណាច់ឆ្នាំ២០១៧ ដែលចោទអ៊ីរ៉ង់ពីបទបានរំលោភលើទណ្ឌកម្មអន្តរជាតិហាមលក់ ឬនាំអាវុធទៅឲ្យពួកឧទ្ទាមហ៊ូធីនៅយេម៉ែន។ តែការចោទរបស់ទីក្រុងវ៉ាស៊ីនតោនកាលណោះ ត្រូវបានទីក្រុងតេហេរ៉ង់បដិសេធយ៉ាងដាច់អហង្ការ និងឆ្លើយបកវិញថា អ៊ីរ៉ង់បានគាំទ្រពួកហ៊ូធីតែផ្លូវនយោបាយមួយគត់។ សូមរំឭកជូនថា ទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិអនុម័តក្នុងឆ្នាំ២០១៥ សំដៅតែលើពួកឧទ្ទាមហ៊ូធីប៉ុណ្ណោះ ពោលគឺមិនជាប់ពាក់ព័ន្ធនឹងប្រទេសសមាជិកនៅក្នុងកម្លាំងសម្ព័ន្ធអារ៉ាប់ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅយេមែនទេ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print