ចិន និងជប៉ុនគឺជា ប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទីពីរ និងទីបីលើពិភព លោក ហើយប្រទេសទាំងពីរបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់។ ចិននិងជំប៉ុន បានផ្តល់ជំនួយសេដ្ឋកិច្ចជាច្រើនដល់ ប្រទេស ផ្សេងទៀត ក្នុងនោះមានប្រទេសតំបន់ អាស៊ានជាដើម ។ទាំងនោះហើយ ពលរដ្ឋ នៅក្នុងប្រទេសអាស៊ី មិនចង់ឲ្យចិននិងជប៉ុនប្រឈមមុខដាក់គ្នានោះឡើយ។
អ្វីដែលគួរឲ្យត្រេកអរបំផុតនៅពេលនេះគឺ ចិន និងជប៉ុនបានសម្រេចបង្កើតខ្សែទូរស័ព្ទក្រហម ដើម្បី ទំនាក់ទំនង យោធាប្រទេសទាំងពីរជៀសវាងការប៉ះទង្គិចគ្នា។ នេះជាការខិតខំប្រឹងប្រែង កាត់បន្ថយភាព តានតឹង នៅក្នុងជម្លោះដណ្តើមដីកោះ នៅសមុទ្រចិនខាងកើត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិន នៅក្រោយជំនួបទ្វេភាគី ដ៏កម្រ រវាង ប្រមុខការបរទេសជប៉ុន នឹងចិន កាលពី ថ្ងៃអាទិត្យ ទី២៨ ខែមករា។ នៅក្នុងឱកាស ជំនួបកំពូលAPEC នៅវៀតណាម កាលពី ខែវិច្ឆិកាឆ្នាំមុន ប្រធានាធិបតីចិន លោកស៊ី ជីនពីង និងលោកនាយករដ្ឋមន្រ្តីជប៉ុនសុីនហ្សូ អាបេ បានថ្លែងយល់ស្របគ្នា ក្នុងការ ចាប់ផ្តើមថ្មី សម្រាប់ទំនាក់ទំនង ចិន-ជប៉ុន។
រដ្ឋមន្រ្តីការបរទេសជប៉ុន លោកតារ៉ូ កូណូ Taro Kono ជាមន្រ្តីជាន់ខ្ពស់របស់ រដ្ឋាភិបាលជប៉ុន ដំបូង ដែលធ្វើដំណើរទៅ ប្រទេស ចិន នៅក្នុងរយៈពេល២ឆ្នាំចុង ក្រោយនេះ។ នៅក្នុងទស្សនកិច្ចទៅទីក្រុងប៉េកាំង នៅថ្ងៃអាទិត្យ ប្រមុខការបរទេស ជប៉ុន បានលើកនិយាយពីគ្រោះថ្នាក់នៃ អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយ និងចេតនារបស់តូក្យូ ដែលចង់ជំរុញ ទំនាក់ទំនងល្អរវាងចិន នឹងជប៉ុនដែលល្អក់ កកររហូតមក ដោយសាររឿងរ៉ាវ ប្រវត្តិ សាស្រ្ត និងជម្លោះដណ្តើម ប្រជុំកោះ សេនកាគូរបស់ជប៉ុន ប៉ុន្តែចិនហៅថា ដាវ យូ និងទាមទារជាម្ចាស់កម្មសិទ្ធិ នៅសមុទ្រ ចិនខាងកើត។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន នៅថ្ងៃអាទិត្យ គេបាន សរសេរថា ភាគី ចិន និងជប៉ុនបានសន្យា រួមគ្នានឹងចុះហត្ថលេខាឲ្យបានឆាប់លើកិច្ច ព្រមព្រៀង បង្កើតខ្សែទូរស័ព្ទ ក្រហម សម្រាប់ការទាក់ទងបន្ទាន់រវាងយោធា របស់ប្រទេសទាំងពីរ។ ខ្សែទូរស័ព្ទក្រហម មួយខ្សែនេះ Hotline នឹងជួយទប់ស្កាត់ កុំឲ្យមាន ឧប្បត្តិហេតុ ការប្រឈមមុខ ដាក់គ្នា រវាងភាគីទាំងពីរ នៅសមុទ្រចិន ខាងកើត។ រដ្ឋមន្រ្តីការបរទេសចិន យល់ ស្របជាមួយសមភាគីជប៉ុន ដែលថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បាន ឈានប្រសើរជាងមុនបន្តិច ប៉ុន្តែ យ៉ាង ណាក៏ដោយ ក៏នៅតែជាប់មានឧបសគ្គ ជានិច្ច។
កប៉ាល់ល្បាតរបស់ឆ្មាំសមុទ្រជប៉ុន ឧស្សាហ៍ប៉ះទង្គិចគ្នា ជាមួយនឹងកប៉ាល់ យោធាចិន ដែលក្រុងប៉េកាំងបានបញ្ជូន ទៅក្នុងតំបន់ទឹកមានជម្លោះ នៅក្រោយ រដ្ឋាភិបាលជប៉ុនបានប្រកាសប្រមូលទិញ កោះ នៅប្រជុំកោះសេនកាគូមកធ្វើជា សម្បត្តិរដ្ឋ។ តាមទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ នៅក្នុងជំនួបជាមួយលោកវ៉ាង យី រដ្ឋមន្រ្តីការបទេសជប៉ុន លោកកូណូបាន តវ៉ាផងដែរ ពីការសម្រេចចិត្តរបស់ចិន នៅខែនេះ ដែលថា នឹងបញ្ជូននាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ទៅក្នុង តំបន់ប្រជុំកោះ សេនកាគូ។
ក្រៅតែពីសំណុំរឿងដែលមានការទាក់ទងរវាងចិន និងជប៉ុន អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ក៏ជាបញ្ហាសំខាន់ ដែលគេត្រូវលើកនិយាយជាចាំបាច់ ជា មួយរដ្ឋអំណាចចិន។ រដ្ឋមន្រ្តីការបរទេសជប៉ុនបានប្រាប់អ្នកកាសែតយ៉ាងដូច្នេះ នៅមុនពេលចូលជួបសមភាគីចិន។ ជប៉ុន ជំរុញផងដែរឲ្យមានឡើងវិញ ជំនួបត្រីភាគី ចិន កូរ៉េខាងត្បូង និងជប៉ុន ដើម្បីនិយាយ ពីបញ្ហាក្នុងតំបន់ និងជាពិសេសសំណុំរឿងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។
ជប៉ុនសម្ពន្ធមិត្តរបស់អាមេរិក ដឹងថា នៅពេលដែលលោកដូណាល់ ត្រាំ គិតគូរតែពីប្រយោជន៍ជាតិអាមេរិកមុនគេយ៉ាង ដូច្នេះ គឺមានតែចិនទេ ដែលនឹងអាចជួយ បញ្ចុះបញ្ចូល ដាក់សម្ពាធឲ្យមេដឹកនាំកូរ៉េខាងជើង លះបង់ចោល មហិច្ឆតាផលិត អាវុធនុយក្លេអ៊ែរប្រល័យលោក៕ ម៉ែវ សាធី