តារាចម្រៀងនិងកំប្លែង នាយ ចឺម និងនាយក្តី បានថ្លែងអួតសសើរពីចំណុចល្អៗរបស់ភាគីម្ខាងៗទៀតទៅវិញទៅមកឥតដាច់រហូតដល់ពួកគេស្រលាញ់គ្នាកាន់តែខ្លាំងដូចបងប្អូនរួមផ្ទៃតែមួយ។ ការថ្លែងនេះធ្វើឡើងក្រោយពីពួកគេបានរៀបចំពិធីខួបគម្រប់មួយឆ្នាំនៃការស្បថរួមគ្នាថានឹងស្រលាញ់គ្នាយកគ្នាជាបងប្អូន។
កម្មវិធីនេះធ្វើឡើងកាលពីរាត្រីថ្ងៃទី៣០ខែមករានេះនៅភូមិគ្រឹះឪពុកមា្តយនាយក្តី នាបុរីវិមានភ្នំពេញក្រោមវត្តមានភ្ញៀវជិតដិតជាង១០០នាក់។ ឈុន សុវណ្ណភក្តី ហៅនាយក្តីបានបញ្ជាក់ថាថ្ងៃនេះគឺជាថ្ងៃខួបកំណើតលោកគម្រប់២៤ឆ្នាំនិងជាខួបគម្រប់មួយឆ្នាំនៃការស្បថរួមគ្នាយកគ្នាជាបងប្អូន។ លោកថា រយៈពេលមួយឆ្នាំនេះលោកសម្គាល់ឃើញពីអត្តចរិក បុគ្គលិកលក្ខណៈប្អូនប្រុស(នាយចឺម) គឺល្អច្រើនចំណុចជាងអ្វីដែលលោកធ្លាប់បានឃើញពីមុនមក លោកថា នាយចឺមជាមនុស្សស្មោះត្រង់ ជំរុញលើកទឹកចិត្ត ផ្តល់ការប្រឹក្សា ពិសេសគឺធ្វើឲ្យលោកសប្បាយចិត្តនិងភ្ញាក់ផ្អើលជានិច្ច។ លោកថាវាគឺជាអ្វីដែលលោកពិបាកនឹងបំភ្លេចបាន។ ទោះជាយ៉ាងណាលោកបានថ្លែងបដិសេធចំពោះដំណឹងកន្លងមកថាលោកនិងនាយចឺមមានទំនាក់ទំនងស្នេហាជាមួយគ្នា។ លោកថាលោក និងនាយចឺម ស្រលាញ់ស្រីមិនមែនស្រលាញ់ភេទដូចគ្នាទេ។
ងាកមកនាយចឺមវិញបានលើកឡើងថា លោករាប់អាន គោរពនាយក្តី និងគ្រួសារដោយសុទ្ធចិត្តមិនដែលសំឡឹងមើលទ្រព្យសម្បត្តិអ្វីនោះទេ ប៉ុន្តែអាចថាជារឿងនិស្ស័យ និងចិត្តគំនិតគិតដូចគ្នាច្រើន។ លោកបញ្ជាក់ថា ចំណុចល្អដែលនាយក្តីមានគឺការជំរុញលើកទឹកចិត្ត ស្មោះត្រង់ ផ្តល់តម្លៃ និងជួយគ្នាគ្រប់គ្រាលំបាក។ តារាចម្រៀងវ័យ២២ឆ្នាំរូបនេះថ្លែងថា ស្រលាញ់រាប់អានគោរពគ្នា ដូចបងប្អូនបង្កើតនេះមិនមែនគិតលើទ្រព្យសម្បត្តិ ភាពល្បីល្បាញរបស់គ្នានោះទេគឺកើតចេញពីចិត្តនិងចិត្ត ហើយក៏មិនមែនជាស្នេហាដូចពាក្យចចាមអារ៉ាមនោះដែរ។ តារាចម្រៀងរូបនេះលើកឡើងថាពួកគេនឹងរៀបចំពិធីខួបគម្រប់១០ឆ្នាំឲ្យកាន់តែ ធំជាងនេះ៕
អត្ថបទ៖ វីរបុត្រ