មណ្ឌលគីរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ យោងតាមសមត្ថកិច្ចខេត្តមណ្ឌលគីរី បានឲ្យដឹងថា កាលពីយប់មិញសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន មន្រ្តីយោធាការពារព្រំដែនម្នាក់ ឈ្មោះ កើត វេហា ហៅ ឆៃ ដែលជាប់ពាក់ព័ន្ធនិងករណីបាញ់សម្លាប់មន្រ្តីអាវុធហត្ថ មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការ WCS នៅស្រុកអូររាំង ខណៈនាយនគរបាលប៉ុស្តិ៍អូររលែកំពុងរត់គេចខ្លួន ។
សតមត្ថកិច្ចបានបញ្ជាក់ទៀតថា ដោយឡែកឈ្មោះ ផល ពេញ នាយនគរបាលប៉ុស្តិ៍អូរលែ បាននិងកំពុងរត់គេចខ្លួននៅឡើយមិនទាន់ចាប់បាននៅឡើយនោះទេ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ កើត វេហា ហៅ ឆៃ កំពុងសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី ។
គួររំលឹកផងដែរថា ជនដៃដល់ ដែលពាក់ព័ន្ធនិងករណីបាញ់សម្លាប់ជនរងគ្រោះ៣នាក់ ត្រូវបានសមត្ថកិច្ចប្រាប់ថា មាននាយនគរបាលប៉ុស្តិ៍អូរលែ លោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និងឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់អូររលែ។
សូមបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិ ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS)៕
![](http://nkdnews.com/wp-content/uploads/2018/02/F7671164-18CC-4520-A822-FC6C241414D7-994x768.jpeg)