ជំនាញលួចកាត់ខ្សែកាបទូរស័ព្ទ របស់ទូរគមនាគមន៍កម្ពុជា ចុងក្រោយជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ជំនាញខាងលួច លួចកាត់ខ្សែកាប្លិ៍ទូរស័ព្ទ នៃទូរគមនាគមន៍កម្ពុជា កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលជនសង្ស័យប្រព្រឹត្តនៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវលេខ៣៣៧ ក្រុមទី២៣ ភូមិ៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ធុច ចាន់ធិ ហៅ ធិ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវលេខ ៣៣៧ ក្រុមទី១៥ ភូមិ៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក មានសម្បកខ្សែកាបទូរស័ព្ទរបស់ទូរគមនាគមន៍កម្ពុជា ចំនួន១ខ្សែ ប្រវែងប្រហែល២០ម៉ែត្រ (ត្រូវជនសង្ស័យហូតយកស្ពាន់ចេញលក់អស់) និងដែកស្នួរខ្សែកាបចំនួន១ដុំ។ ចំណែក ជនរងគ្រោះឈ្មោះ ទេព កោសល្យ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរប្រធានការិយាល័យនីតិកម្ម នៃទូរគមនាគមន៍កម្ពុជា ស្នាក់នៅផ្ទះលេខ១៨C ផ្លូវលេខK៤A សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅវេលាម៉ោងប្រហែល៣និង២០នាទីរសៀលថ្ងៃខែកើតហេតុខាងលើ គឺជនរងគ្រោះឈ្មោះ ទេព កោសល្យ បានឲ្យក្រុមការងារ ដឹកនាំដោយឈ្មោះ ឃឹម សាវ៉ាង ប្រធានមជ្ឈមណ្ឌលបណ្ដាញ នៃទូរគមនាគមន៍កម្ពុជា ចុះទៅមើលខ្សែកាបទូរស័ព្ទ របស់ទូរគមនាគមន៍កម្ពុជា ដែលដាច់មិនដំណើរការនៅចំណុចលើផ្លូវលេខ៣៣៧ ក្រុមទី២៣ ភូមិ៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ លុះពេលក្រុមការងារចុះទៅដល់ ក៏ឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចកាត់ខ្សែកាបទូរស័ព្ទ ទូរគមនាគមន៍កម្ពុជា រួចយកស្ពានចេញលក់អស់ ហើយអូសសម្បកខ្សែកាបកាត់ថ្នល់ ភ្លាមនោះលោក ឈ្មោះ ឃឹម សាវ៉ាង និងជនរងគ្រោះឈ្មោះ ទេព កោសល្យ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកក់ទី១ ឲ្យចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងចាប់យកវត្ថុតាងសម្បកខ្សែកាបចំនួន១ខ្សែ មានប្រវែងប្រហែល២០ម៉ែត្រ និងដែកស្នួរខ្សែកាបចំនួន១ដុំ យកមកកាន់ទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ ខណ្ឌទួលគោកភ្លាមៗផងដែរ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ធុច ចាន់ធិ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print