ខ្ចីម៉ូតូថាទៅទិញសាច់ក្លែម បាត់ខ្លួនរបាន៩ថ្ងៃ ម្ចាស់ឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋជាជនរងគ្រោះចាប់នាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍គោកឃ្លាងបន្ទាប់ពីជននេះខ្ចីម៉ូតូថាទៅទិញសាច់ក្លែមហើយមិនយកម៉ូតូមកប្រគល់ឲ្យម្ចាស់ដើមវិញរួចគេចខ្លួនបាន៩ថ្ងៃ។

ករណីឃាត់ខ្លួនជនសង្ស័យរូបនេះកាលពីថ្ងៃ ព្រហស្បតិ៍ ១រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង៤និង៣០នាទីល្ងាច នៅតាមផ្លូវ២០០៤ សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ ហើយក៍នាំខ្លួនមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍គោកឃ្លាងបន្តនិតិវិធី។

នគរបាលប្រាប់ថា ជនសង្ស័យឈ្មោះ ចាន់ ប៊ុនរត្ន័ ភេទប្រុសអាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល៤៤៤៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ លាន សុីម៉ូ ភេទប្រុសអាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៩៣១ផ្លូវលំភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

យោងតាមពាក្យបណ្តឹងរបស់បុរសរងគ្រោះបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៤ខែមករាឆ្នាំ២០១៨ គាត់និងជនសង្ស័យធ្លាប់ស្គាល់គ្នាហើយជនសង្ស័យបានមកផឹកសុីនៅផ្ទះរបស់ខ្លួន(ជនរងគ្រោះ)ពេលនោះជនសង្ស័យខ្ចីម៉ូតូគាត់ម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៧ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1GO.9008 ដោយប្រាប់ថាទៅទិញទាអាំងមកក្លែមបន្ត ពេលនោះគាត់ក៍ប្រគល់សោរម៉ូតូឲ្យទៅជនសង្ស័យព្រោះគាត់ធ្លាប់ស្គាល់គ្នា។
ប្រភពបន្តទៀតថា ក្រោយមកជនសង្ស័យបានជិះម៉ូតូចេញទៅបាត់រហូតមិនឃើញយកម៉ូតូមកប្រគល់ឲ្រខ្លួនវិញលុះព្រឹកឡើងថ្ងៃទី២៥ខែឆ្នាំដដែលគាត់ក៍មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលគោកឃ្លាងដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។លុះដល់ថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៨ជនរងគ្រោះក៍ឃើញជនសង្ស័យកំពង់ដើរតាមផ្លូវ២០០៤ក៍ចាប់នាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍គោកឃ្លាងតែម្តង។

លោក ដួង វណ្ណះ នាយនគរបាលប៉ុស្តិ៍គោកឃ្លាងបានឲ្យដឹងថា ក្រោយពីជនរងគ្រោះនាំខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចលោកបានបន្តនិតិវិធីហើយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានខ្ចីម៉ូតូពីជនរងគ្រោះយកទៅលក់បានលុយសុីចាយអស់ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print