ភ្នំពេញ: រថយន្តហ្វតរ៉េនជ័រ ១គ្រឿងបុកគូទកុងតឺន័រពីក្រោយពេញទំហឹងសង្ស័យអ្នកបើកបរស្រវឹងស្រាឲ្យរងការខូចខាតយ៉ាងដំណំហើយអ្នកបររងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជួនទៅកាន់មន្ទីពេទ្យភ្លាមៗ។ ថ្ងៃ ព្រហស្បតិ៍ ៨ រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង២និង២០នាទីយប់ តាមបណ្តោយផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្ត១គ្រឿងម៉ាក ហ្វតរ៉េនជ័រ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2AG-0885 ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវ២០១១ ក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុ ហើយក៏បានរេចង្កូតទៅបុកគូទរថយន្ត១ គ្រឿងម៉ាក VOLVO ពណ៌ស ជាប្រភេទរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3C-5718ឈប់ចតចោលនៅចិញ្ចើមផ្លូវ ពេញទំហឹង បណ្តាលឲ្យអ្នកបររងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ។
បុរសរងគ្រោះពុស្គាល់អត្តសញ្ញាណទេ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ តុង សីហា