ភ្នំពេញ ៖ ជនស្រវឹងម្នាក់ដែលបើករថយន្តបំបុកសមត្ថកិច្ចបណ្តាលឱ្យប៉ូលិសចរាចរណ៍ម្នាក់របួសធ្ងន់ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរដោយភ្ជាប់ការសន្និដ្ឋានពីបទ”ប៉ុនប៉ងឃាតកម្ម” ។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
មន្ត្រីតុលាការថ្លែងថា ជនស្រវឹងរូបនេះឈ្មោះ សា សារី ហៅសារី អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ។
គួរបញ្ជាក់ថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចដេញឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបើករថយន្តបំបុកនគរបាលចរាចរណ៍ដែលកំពុងអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ នៅខណ្ឌឫស្សីកែវ។
អ្នកច្បាប់មួយរូប អះអាងថា បុរសរូបនេះ អាចជាប់បទល្មើស”ប៉ុនប៉ងឃាតកម្ម”តាមមាត្រា២៧និងមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។
នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នគរបាលចរាចរណ៍បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ហើយរថយន្តមួយគ្រឿងបើកចូលមក នគរបាលបានសួរនាំដើម្បីត្រួតពិនិត្យ ស្រាប់តែបុរសរូបនេះ បើកបំបុកធ្វើឱ្យនគរបាលម្នាក់ឈ្មោះហ៊ុល ចាន់រាសី របួសធ្ងន់បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត តែម្ដង។ ជនរងគ្រោះកំពុងស្ថិតក្រោមការព្យាបាលនៅឡើយ ដោយពុំទាន់បានធូរស្រាលឡើយ ៕ ចេស្តា
...