ប្រជាពលរដ្ឋមួយគ្រួសារបានស្នើដល់អាជ្ញាធរ ជួយចាត់វិធានការលើលោកនាយប៉ុស្តិ៍ស្រែព្រះ នឹងបក្ខពួកឃុបឃិតគ្នាយកដីពួកគាត់

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋមួយគ្រួសារបានស្នើដល់អាជ្ញាធរ ជួយចាត់វិធានការលើលោកនាយប៉ុស្តិ៍ស្រែព្រះ នឹងបក្ខពួកឃុបឃិតគ្នាយកដីដែលគាត់បានទិញតាំងពីបីឆ្នាំមុន ដែលមានទីតាំងស្ថិតនៅចំនុចពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក ម៉ាង ម៉ាត់លី បានឲ្យដឹងថា កាលពីឆ្នាំ២០១៥ គាត់បានទិញដីមួយកន្លែងមានទំហំ១០ហិចតា ពីឈ្មោះ គ្រី យ៉ា ក្នុងតម្លៃ១ហិចតា១២០០.០០០រៀល ។ លោកម៉ាត់លី បន្តថា កាលពីទិញដីនេះភ្លាម គាត់មិនទាន់បានដាំដំណាំអ្វីនោះទេ រហូតដល់២ឆ្នាំក្រោយ ទើបគាត់បានយកពួជដំឡូងទៅដាំ ស្រាប់តែឃើញមានគេដាំដំឡូងលើដីនោះ ត្រឹមជង្គង់បាត់ទៅហើយ។នៅពេលដែលគាត់សួរទៅឈ្មោះ គ្រី យ៉ា ស្រាប់តែគេថា « ខ្ញុំគ្រប់គ្រងមិនដល់កន្លែងនោះទេ គឺដីសហគមន៏ »តែជាក់ស្តែងកាលពីទិញលក់គឺគាត់បានទិញពី គ្រី យ៉ា ពិតមែន ដោយមិនមានលិខិតស្នាមអ្វីនោះទេ ព្រោះទម្លាប់របស់បងប្អូនខ្មែរឥស្លាមជឿទុកចិត្តគ្នាទើបមិនបានធ្វើលិខិតលក់ដូរ។

លោក ម៉ាង ម៉ាត់លី បានបន្តថា ឈ្មោះ គ្រី យ៉ា មិនត្រឹមតែមិនទទួលស្គាល់ពីការទិញលក់ដីទំហំ១០ហិចតានោះទេ ថែមទាំងឃុបឃិតគ្នាជាមួយលោក ប៉ែន សារឿន នាយប៉ុស្ត៍នគរបាលស្រែព្រះរំលោភយកដីនោះវិញ ខណៈគាត់បានចំណាយលុយអស់ជាច្រើន ឲ្យលោក គ្រី យ៉ា ។មិនត្រឹមតែប៉ុណ្ណោះលោក ប៉ែន សារឿន ថែមទាំងបានបញ្ជាឲ្យកូនចៅរបស់ខ្លួនចុះទៅរារាំង មិនឲ្យគាត់(ម៉ាត់លី)អាចបង្ករបង្កើនផលបាននោះទេ។
ប្រជាពលរដ្ឋរស់នៅតំបន់ឃុំស្រែព្រះបានឲ្យដឹងថា ឈ្មោះគ្រី យ៉ា គឺជាឈ្មួញជួញដូរដីដ៏ល្បីម្នាក់ ដែលពូកែបំផុតនោះគឺ កាប់ដីព្រៃអភិរក្សលក់ឲ្យប្រជាពលរដ្ឋ ដើម្បីផលចំណេញផ្ទាល់ខ្លួន ។ ហើយគ្រាន់តែដីរបស់ឈ្មោះនេះ នៅចំនុចភូមិពូគង់មានរហូតដល់រាប់រយហិចតា ហើយសព្វថ្ងៃគេលក់មួយចំនួន ហើយមួយចំនួនទៀតបានចែកទៅឲ្យបងប្អូនចូលទៅរស់នៅពេញ ដែលដីទាំងនោះត្រូវបានគេដឹងថា ជាដីស្ថិតនៅក្នុងដែនជម្រកការពារសត្វព្រៃសីមា ។

លោក ប៉ែន សារឿន នាយប៉ុស្ត៍នគរបាលស្រែព្រះបានឲ្យដឹងថា លោកមិនបានទៅពាក់ព័ន្ឋអ្វីជាមួយរឿងដីធ្លីនោះទេ។ហើយចំពោះរឿងរបស់ឈ្មោះ គ្រី យ៉ា នឹងឈ្មោះ ម៉ាត់លី គឺសំនុំរឿងនៅអធិការដ្ឋាននគរបាលស្រុកកែវសីមា។ជុំវិញបញ្ហាការចោតប្រកាន់ថា លោកបានទៅកាងដីនោះ លោកនាយប៉ុស្តិ៍បានបដិសេធន៏មិនទទួលជាដាច់ខាត។

ជុំវិញបញ្ហាខាងលើនេះ អង្គការសង្គមស៊ីវិលបានរិះគន់ចំពោះមន្ត្រីកងកម្លាំងដែលមានតួនាទីការពារផល ប្រយោជន៏របស់ប្រជាពលរដ្ឋ តែបែរជាយកអំនាចរបស់ខ្លួនទៅកាងដី ដើម្បីប្រយោជន៏ផ្ទាល់ខ្លួន ខណៈរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ លើការពង្រឹងជីវភាពរបស់ប្រជាជន ជាពិសេសលើកំណែទម្រង់វិស័យដីធ្លី។

ករណីនេះ អាជ្ញាធរក៏ដូចជាថ្នាក់ដឹកនាំ នគរបាលខេត្តមណ្ឌលគិរី គួរចាត់វិធានការចំពោះមន្ត្រីដែលបានប្រព្រឹត្តដូចការចោតប្រកាន់របស់ប្រជាពលរដ្ឋ ដើម្បីរក្សាភាពថ្លៃថ្នូររបស់កម្លាំងប្រដាប់អាវុធ ដែលប្រជាជនគោរពស្រឡាញ់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print