ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថា បាននិងកើនឡើងចាប់យកការប្រកបមុខរបរដាំបន្លែគ្រប់មុខជំនួសការធ្វើចំណាកស្រុករកការងារធ្វើខុសច្បាប់នៅប្រទេសថៃខណៈដែលតម្លៃទីផ្សារបន្លែនៅក្នុងស្រុកកំពុងមានតម្រូវការនិងហាងឆេងខ្ពស់ ។
លោក ខៀវ រ័ត្ន ប្រធានការិយាល័យកសិកម្មស្រុកមង្គលបូរីនៅរសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រាប់ឱ្យដឹងថាៈ បច្ចុប្បន្ននេះប្រជាពលរដ្ឋនៅស្រុកមង្គលបូរីរហូតដល់ទៅ៨ឃុំ ក្នុងចំណោម១៣ឃុំរបស់ស្រុកមង្គលបូរីបាននាំគ្នាសម្រុកដាំបន្លែគ្រប់មុខដើម្បីផ្គត់ផ្គង់តម្រូវ ការទីផ្សារក្នុងស្រុក។
លោកប្រាប់ឱ្យដឹងទៀតថាកាលពីឆ្នាំ២០១៧ ប្រជាពលរដ្ឋមានតែ៣០០គ្រួសារប៉ុណ្ណោះ នាំគ្នាប្រកបមុខរបរដាំបន្លែ ។លុះនៅឆ្នាំ២០១៨ មានការកើនឡើងរហូតដល់៣៥០គ្រួសារនោះហើយ។មិនតែប៉ុណ្ណោះបើលោកប៉ាន់ប្រមាណនិងអាចមានប្រជាពលរដ្ឋកើនឡើងដល់ទៅ៥០០គ្រួសារដើម្បីបន្តចាប់យកការធ្វើអាជីវកម្មដាំបន្លែនេះថែមទៀត។ ក្នុង១គ្រួសារពួកគាត់ដាំដុះទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយមាន កសិករខ្លះដាំកន្លះហិកតា រហូតដល់១ហិកតា ផងដែរ។លោកប្រាប់ឱ្យដឹងទៀតថា ការដាំដុះបន្លែរបស់ប្រជាពលរដ្ឋនៅស្រុកមង្គលបូរីមិនមានការព្រួយបារម្មគ្មានទីផ្សារនោះទេ។
បច្ចុប្បន្នមានម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ ផ្សារទំនើប និងតាមផ្សារមួយចំនួនទៀត ក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប បានមកកំម៉ង់ទិញពីបងប្អូនកសិករដាំបន្លែនៅស្រុកមង្គលបូរី។ការដាំបន្លែរបស់ប្រជាកសិករទាំងនោះដោយមានការបណ្តុះបណ្តាលពី មន្រ្តីកសិកម្មខេត្តបន្ទាយមានជ័យ និងមន្រ្តីកសិកម្មស្រុកមង្គលបូរី ក្នុងនោះមានការជួយឧត្ថម្ភគាំទ្រទាំងបច្ចេកទេសនិងថវិកាពីសំណាក់អង្គការក្រៅរដ្ឋាភិបាលចំនួន៣អង្គការ ដែលបានចុះត្រួតពិនិត្យនិងផ្តល់បទពិសោធន៍បច្ចេកទេសដាំដុះបន្លែជូនដល់បងប្អូនដើម្បីទទួលបានគុណភាព និងទិន្នផលខ្ពស់ តាមរយៈការប្រើប្រាស់ជីធម្មជាតិ ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ជីគីមីបង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋនោះឡើយ។
លោកប្រាប់ឱ្យដឹងទៀតថា ការដាំដុះបន្លែរបស់ប្រជាពលរដ្ឋនៅស្រុកមង្គលបូរីមានចំនួន៨ឃុំនោះ គឺពួកគាត់ចងក្រងជាសហគមន៍បចុចប្បន្ន មានរហូតដល់៦សហគមន៍រួចហើយ។បន្លែដែលបងប្អូនដាំដុះរួមមានៈស្ពៃក្តោប,ស្ពៃខាត់ណា,ស្បៃសាឡាត់,ននោង.ម្រះ.ទ្រាប់វែងនិងទ្រាបស្រួយ,ត្រកួន,ឳឡឹក,ប៉េងប៉ោះ,ត្រសក់ត្រឺង,ត្រសក់ស្រូវ,ត្រឡាច។តម្លៃក្នុង១គីឡូក្រាមចាប់ពី៧០០រៀលរហូតដល់ ២០០០រៀល។
លោកលើកឡើងទៀតថា បញ្ហាប្រឈមនៃ ការប្រកួតប្រជែងទីផ្សារបន្លែនៅក្នុងស្រុកនិងបន្លែនាំពីប្រទេសជិតខាង គឺមិនមានបញ្ហាអ្វីនោះទេសម្រាប់កសិករដាំដុះបន្លែនៅស្រុកមង្គលបូរី ។បន្លែក្នុងស្រុកប្រជាពលរដ្ឋបានពេញនិយមជាងបន្លែនាំពីប្រទេសជិតខាងទោះបីតម្លៃបន្លែក្នុងស្រុកមានតម្លៃខ្ពស់ជាងតម្លៃបន្លែនាំចូលពីប្រទេសជិតខាងយ៉ាង ណាក៏ដោយនោះ។ជាពិសេសការផលិតបន្លែរបស់កសិករនៅស្រុកមង្គលបូរីមានគុណភាព គ្មានប្រើប្រាស់ជីគីមី ទើបមានភាពជឿជាក់ពីសំណាក់អ្នកកំម៉ង់ ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ ផ្សារទំនើប និងតាមផ្សារមួយចំនួនទៀត នៅតាមបណ្តាទាំង៣ខេត្តខាងលើនោះ។
លោកបញ្ជាក់ទៀតថា កសិករនៅស្រុកមង្គលបូរីមានបញ្ហាប្រឈមនូវការដាំបន្លែ៣ប្រភេទមិនទាន់បាននៅឡើយនោះទេគឺបន្លែការ៉ុត ស្ពៃក្តោបពណ៌ស្វាយ និងដំឡូងបារាំង ដោយសារ ពូជន៍ថ្លៃ កត្តាអាកាសធាតុ និងដីគ្មានភាពអំណោយផលលើដំណាំបន្លែទាំង៣ប្រភេទនេះ៕ សំ វិច្ឆិកា