ខេត្តពោធិ៍សាត់៖ មុននេះបន្តិចកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង និងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម ឃាត់ខ្លួនជនសង្ស័យជាឃាតកបាញ់សម្លាប់ប្រពន្ធនៅខេត្តកោះកុង។
ប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នេះបើតាមការបញ្ជាក់ពី លោក វរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែង។
គួររំឭកឡើងវិញថា អំពើឃាតកម្មនេេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង៨នាយប់ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៨ នៅចំណុចលើផ្ទះប្អូនស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិស្មាច់មាន ជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ប្រភពពីសាក្សីដែលជាប្អូនស្ត្រីរងគ្រោះបានឱ្យដឹងថា ស្រ្តីរង គ្រោះមានឈ្មោះ ហាន ធឿន ភេទស្រី អាយុ៥០ឆ្នាំ សពថ្ងៃនៅផ្ទះមើលចៅ និងមានប្តីចុង(ជនសង្ស័យ) ឈ្មោះ សេង វិបុល ភេទប្រុស អាយុជាង៥០ឆ្នាំ មានមុខរបរជាកម្មករអាឈើ ។
ប្រភពដដែលបានបន្តថា មុនកើតហេតុគឺជនសង្ស័យនិងស្រ្តីរងគ្រោះបានឈ្លោះប្រកែកគ្នា បន្ទាប់មកស្ត្រីរងគ្រោះក៏បានគេចមកនៅផ្ទះប្អូន ហើយជនសង្ស័យក៏តាមមកបាញ់ដល់ផ្ទះប្អូនបណ្តាលអោយស្រ្តីរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង ។
សាក្សីបានអោយដឹងទៀតថា មូលហេតុដែលបណ្តាលអោយជនសង្ស័យបាញ់សម្លាប់ជនរងគ្រោះគឺដោយសារប៉ុន្មានថ្ងៃមុន ប្តីដើមរបស់ស្រ្តីរងគ្រោះបានមកហៅស្ត្រីរងគ្រោះឱ្យទៅធ្វើជាមេបាក្នុងថ្ងៃការកូន ទើបធ្វើឲ្យជនសង្ស័យកើតចេញនូវភ្លើងប្រច័ណ្ឌហើយចេះតែតាមរករឿងស្ត្រីរងគ្រោះរហូតមក ស្រាប់តែដល់យប់ម៉ិញ ជនរងគ្រោះក៏បានបាញ់សម្លាប់ស្រ្តីរងគ្រោះតែម្តង រួចក៏បានរត់គេចខ្លួនបាត់ស្រមោលទៅ៕ ប៉ឹមពិន