ក្មេងប្រុសស្រី៤នាក់កំពុងតែជិះទោងយោលកម្សាន្តនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្រាប់តែដាច់គន្លឹះទោងយោលធ្លាក់ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញៈ ក្មេងប្រុសស្រី៤នាក់បានរងរបួសធ្ងន់ ស្រាល ខណៈកំពុងតែឡើងជិះទោងយោល នៅក្នុងមជ្ឈមណ្ឌល កោះពេជ្រ ស្រាប់តែដាច់គន្លឹះទោងយោលធ្លាក់ចុះមកបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ក្នុងមជ្ឃមណ្ឌលកោះពេជ្រ ស្ថិតនៅចំណុចកន្លែងក្មេងលេង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពពត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងប្រុស ស្រីចំនួន៤នាក់ បាននាំគ្នាឡើងទៅលេងនៅកន្លែងក្មេងលេង ក្នុងមជ្ឃមណ្ឌលកោះពេជ្រ ដោយបានជិះទោងយោល ដោយប្រើម៉ាស៊ីនយោលទៅវិញទៅមក ខណៈពួកគេកំពុងតែជិះយ៉ាងសប្បាយ ក៏ស្រាប់តែដាច់គន្លឹះ បណ្តាលឲ្យធ្លាក់ក្មេងទាំង៤នាក់នោះ រងរបួសក្មេងស្រីម្នាក់ របួសធ្ងន់ចំដៃ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្បែរកន្លែងកើតហេតុ ចំណែកឯ៣នាក់ទៀត រងរបួសស្រាល ។

ប្រជាពលរដ្ឋបានលើកឡើងថា ទោងយោលនេះ ជិះក្នុងម្នាក់៤០០០រៀល ហើយម្ចាស់ដែលដាក់នេះ មិនបានពិនិត្យឲ្យបានច្បាស់លាស់ទេ ទើបកំពុងតែជិះ ដាច់គន្លឹះធ្លាក់ក្មេងដែលកំពុងតែជិះបណ្តាលឲ្យ រងរបួសបែបនេះ សំណាងល្អហើយដែលមនុស្សជិះតិច ចុះបើមានមនុស្សជិះច្រើននាក់វិញ មិនដឹងជាមានអ្នករងរបួស ប៉ុន្មាននាក់ទេ ។

ក្រោយពេលកើតហេតុ ម្ចាស់ទោងយោលនេះ បានសន្យាថា នឹងធានាចេញថ្លៃថ្នាំពេទ្យ ឲ្យក្មេងដែលរងរបួសទាំងអស់ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print