ប្រើពាក្យសម្តីឌឺដង ក្លាយជាហិង្សា រហូតបែកក្បាលខ្លួនឯង

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់បានរងរបួសបែកក្បាលហូរឈាមជោក ពីគូជម្លោះវាយមួយកែវកាហ្វេ បន្ទាប់ពីបានប្រើពាក្យសម្តីឌឺដងដាក់ជនសង្ស័យ ខណៈចូលទៅទិញបារីជក់ដូចគ្នា ។

សមត្ថកិច្ចបានអោយដឹងថា អំពើហិង្សាខាងលើនេះបានកើតឡើងកាលពីយប់ម៉ោង៨ និង៣០នាទិ ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះឡុង(លក់ចាប់ហួយ) ភូមិចម្ការដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ហ៊ល ហ៊ន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលើកដែក ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ​កសិករ ។ ជនរងគ្រោះបានរងរបួសត្រង់លើចិញ្ចើមឆ្វេង និងកដៃឆ្វេង ។

ចំណែកជនសង្ស័យឈ្មោះ ធឹង ផៃ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចម្ការដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ សន្តិសុខឯកជន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្ដឹង ។

សាក្សីបានអោយដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យ ឈ្មោះ ធឹង ផៃ បានជិះម៉ូតូទៅរកទិញបារីជក់ នៅចំណុចកើតហេតុខាងលើ ជួននៅខណៈនៅស្រាប់តែជនរងគ្រោះឈ្មោះ ហ៊ល ហ៊ន បានដើរមកដល់ក៏ចូលទៅទិញបារី ជក់ នៅចំណុចខាងលើដូចគ្នា ។ រំពេចនោះជនរងគ្រោះក៏បាននិយាយពាក្យសម្ដីឌឺដងធ្វើអោយប៉ះពាល់ដល់កិត្តិ យសជនសង្ស័យ ធ្វើអោយជនសង្ស័យទ្រាំពុំបានក៏តបសម្ដីវិញ រួចអ្នកទាំងពីរបានទាក់ពាក្យសម្ដីដាក់គ្នាកាន់តែខ្លាំងឡើងៗ ភ្លាមនោះជនរងគ្រោះបានចាប់ច្របាច់កជនសង្ស័យ ធ្វើអោយជនសង្ស័យស្រវាទាញយក កែវកាហ្វេ វាយទៅលើជនរងគ្រោះវិញតែម្ដង បណ្ដាលអោយត្រូវចំលើចិញ្ចើមឆ្វេងហូរចេញឈាមពេញផ្ទៃមុខតែម្ដង រួចបានប្រតាយគ្នាទៅវិញទៅមកបានបន្តិចក៏ត្រូវអ្នកជិតខាងចាប់បំបែកចេញរៀងៗខ្លួន ។

ក្រោយអំពើហិង្សានេះកើតឡើង  ជនរងគ្រោះ ហ៊ល ហ៊ន ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលលើកដែកតែម្ដង ។ ក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍បានធ្វើការស្រាវជ្រាវរហូតចាប់ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ធឹង ផៃ បានសារភាពថា ខ្លួនពិតជាបានយកកែវកាហ្វេវាយទៅលើឈ្មោះ ហ៊ល ហ៊ន បណ្ដាលអោយបែកចិញ្ចើមប្រាកដមែន គឺដោយសារតែមានការខឹងនិងឈ្មោះ ហ៊ល ហ៊ន និយាយប្រមាថមើលងាយខ្លួន ៕  ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print