ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់យកថ្នាំញៀនលាក់ក្នុងសំបុត្រ ដើម្បីបន្លំភ្នែកសមត្ថកិច្ចដើម្បីជួញដូរ តែជៀសមិនផុតត្រូវសមត្ថកិច្ចចាប់ខ្លួន ។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨លើផ្លូវជាតិលេខ៤ មុខរោងចក្រសុីភី ស្ថិតក្នុងភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ទ្ឡូញ សំណាង ហៅប៊ើក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ប្រតិបត្តិការចាប់ខ្លួនខាងលើនេះ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយៅម៉ាទឹកកកចំនួន២៤កញ្ចប់ ក្នុងនោះធំ០១កញ្ចប់ ,មធ្យម១៤កញ្ចប់ និងតូច០៩កញ្ចប់ ។
ប្រភពដដែលបន្តថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដឃុំបែកចាន ស្រុកអង្គស្នួល ដែលសមត្ថកិច្ចបានកំណត់និងតាមដានជាយូរមកហើយ ។ រហូតមកដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៧ សមត្ថកិច្ចប៉ុស្ត្តិ៍បែកចាន បានទទួលព័ត៌មានច្បាស់ការថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅចំណុចភូមិ/ឃុំកើតហេតុខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិ៍បែកចាន បានសហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុក ចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ រួចឆែកឆេរ និងត្រួតពិនិត្យខ្លួន ឃើញថ្នាំញៀនចំនួន២៤កញ្ចប់ លាក់ក្នុងស្រោមសំបុត្រ ទុកក្នុងហោប៉ៅខោ រួចនាំខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឡូញ សំណាង ហៅប៊ើក បានសារភាពថា : ថ្នាំញៀខាងលើនេះ ពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទៅទិញពីជនមិនស្គាល់អត្តសញ្ញាណនៅផ្តំ អូរដឹម ខណ្ឌពោធិសែន ជយ័ ហរាជធានីភ្នំពេញ យកមកលក់បន្ត ដោយទិញម្តងៗ ចំនួន២០០ដុល្លារសហរដ្ឋអាមេរិក៕