ដោះលែងមេការកាត់ដេរយីហោ «ហាង អេលីតឡាហ្គា» ពាក់ព័ន្ធលួច និង រំលោភលើទំនុកចិត្ត ឱ្យមានសេរីភាព

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីឃាត់មនុស្ស៦នាក់ កាលពីព្រឹកថ្ងៃទី២ម្សិលមិញរួចមក នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចខណ្ឌសែនសុខ បានម្រេចដោះលែង មេការជាងកាត់សម្លៀកបំពាក់ ហាង អេលីត ឡាហ្គា ដែលត្រូវម្ចាស់ហាងប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួន លើបទល្មើសជាក់ស្តែង ដោយបានលួចសម្ភារ កាត់ដេរ និងរំលោភលើទំនុកចិត្ត ឱ្យមានសេរីភាពវិញហើយ។

ស្ត្រីសង្ស័យដែលត្រូវបានសមត្ថកិច្ចដោះលែង មានឈ្មោះ ជៀម ស្រីម៉ិច អាយុ ៣២ឆ្នាំ មុខរបរ មេជាងកាត់ដេរ ទីលំនៅផ្ទះជួល (ម្ចាស់ហាងជួលឱ្យរស់នៅ) លេខ ៩៩អា ផ្លូវ១៩៩០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ពាក់ព័ន្ធការសម្រេចដោះលែងជនសង្ស័យខាងលើនេះ លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចជំនាញ សាកសួរ និងពិនិត្យលើភស្តុតាង រួចមក សមត្ថកិច្ចយល់ឃើញថា បទល្មើសនេះជាបទល្មើស មជ្ឈិម និងជាបទល្មើសតូចតាច ការខូចខាតតិចតួច ទើបលោកឆ្លងយោបល់ទៅ លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំដោះលែងជនសង្ស័យឱ្យមានសេរីភាពវិញ ដោយកសាងតែសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តនាពេលក្រោយទៀត។

លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា លោកពិតជាបាន ឯកភាពឱ្យសមត្ថកិច្ចដោះលែងជនសង្ស័យឈ្មោះ ជៀម ស្រីម៉ិច មែនដោយសារតែ សមត្ថកិច្ចរាយការណ៍ជូនលោក ថារឿងនេះ ជារឿងតូចតាច និងមានការខូចខាតបន្តិចបន្តួច ទើបលោកយល់ព្រមតាមសំណើរបស់សមត្ថកិច្ចទៅ។ ចំណែកសំណុំរឿង គឺសមត្ថកិច្ចមិនទាន់បញ្ជូនទៅឱ្យលោកនៅឡើយទេ បានត្រឹមតែឆ្លងយោបល់ផ្ទាល់មាត់តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មី សហការជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនស្ត្រីជនសង្ស័យឈ្មោះ ជៀម ស្រីម៉ិច និងកូនជាងកាត់ដេរចំនួន៦នាក់ របស់ហាងកាត់សម្លៀកបំពាក់ យីហោ អេលីត ឡាហ្គា មានទីតាំងនៅផ្ទះលេខ២៦ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពាក់ព័ន្ធករណី លួច និងរំលោភលើទំនុកចិត្ត។

សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះ ធ្វើឡើងដោយយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ម្ចាស់ហាងកាត់សម្លៀកបំពាក់ អេលីត ឡាហ្គា មានទីតាំងផ្ទះលេខ២៦ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យោងតាមប្រភពដដែលបានបញ្ជាក់ថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ជៀម ស្រីម៉ិច ជាមេការជាងកាត់ដេរនៅក្នុងហាង កាត់សម្លៀកបំពាក់ អេលីត ឡាហ្គា បានលួចយកសម្ភារកាត់សម្លៀកបំពាក់ជាច្រើនមុខ ពីក្នុងហាងរបស់ជនរងគ្រោះ ទៅលួចកាត់ដេរសម្លៀកបំពាក់ឱ្យភ្ញៀវជាលក្ខណៈឯកជន នៅក្នុងផ្ទះជួលដែលម្ចាស់ហាង អេលីត ឡាហ្គា ជួលឱ្យឈ្មោះ ជៀម ស្រីម៉ិច ជាមេការ ស្នាក់នៅ ដោយយកម៉ូតតាម ហាង អេលីត ឡាហ្គា ប៉ុន្តែយកតម្លៃ ធូរថ្លៃជាង ដែលជាការប៉ះពាល់ដល់ចំណូលរបស់ហាង។

សមត្ថកិច្ចបន្ថែមថា ជនសង្ស័យឈ្មោះ ជៀម ស្រីម៉ិច បានធ្វើសកម្មភាព លួចយកសម្ភារកាត់ដេរសម្លៀកបំពាក់របស់​ហាង អេលីត ឡាហ្គា ទៅលួចដេរសម្លៀកបំពាក់ឱ្យភ្ញៀវ យកតម្លៃទាបជាងហាង តាំងពីអំឡុងឆ្នាំ២០១៤មកម្ល៉េះ ប៉ុន្តែម្ចាស់ហាង អាណិត និងហៅធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសា ឱ្យពួកគេឈប់ធ្វើបែបនោះតទៅទៀត តែក្រុមជនសង្ស័យ នៅតែបន្តធ្វើដដែល ទើបម្ចាស់ហាង ដាច់ចិត្តប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តងទៅ។

ក្រោយពីសាកសួរ កាលពីម្សិលមិញសមត្ថកិច្ចបាន ដោះលែងកូនជាងកាត់ដេរ ០៦នាក់ឱ្យត្រលប់ទៅផ្ទះវិញ ដោយរក្សាទុកតែជនសង្ស័យឈ្មោះ ជៀម ស្រីម៉ិច ដែលរកឃើញថា ពាក់ព័ន្ធរឿង លួច និងរំលោភលើទំនុកចិត្ត ប៉ុន្តែមក​ដល់ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចក៏បានដោះលែងជនសង្ស័យរូបនេះឱ្យមានសេរីភាពវិញ ម្នាក់ទៀត ដោយបន្សល់ទុកតែកំណត់ហេតុសាកសួរយកចម្លើយ និងពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយមានវីដេអូសកម្មភាពជនង្ស័យលួចសម្ភារម្ចាស់ហាង ដែលជាភស្តុតាង ទុកបញ្ជូនទៅតុលាការតាមនីតិវិធី ៕ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print